ប្រធានផ្នែកឌីជីថលរបស់សហភាពអឺរ៉ុបលោក Thierry Breton បានព្រមានលោក Elon Musk កាលពីថ្ងៃអង្គារថា កម្មវិធី Xរបស់ខ្លួន ដែលពីមុនគេស្គាល់ថាជា Twitter កំពុងផ្សព្វផ្សាយ «ខ្លឹមសារខុសច្បាប់ និងព័ត៌មានមិនពិត»នៅក្នុងលិខិតមួយឃើញដោយសារព័ត៌មានAFP។

លិខិតនោះ បានឲ្យដឹងថា ការព្រួយបារម្ភបានកើនឡើង បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាស់ប្រឆាំងនឹងអ៊ីស្រាអែល ហើយបានទាមទារឲ្យលោក Musk ឆ្លើយតបទៅនឹងពាក្យបណ្តឹងនេះ ក្នុងរយៈពេល២៤ម៉ោង និងទាក់ទងទៅ«អាជ្ញាធរអនុវត្តច្បាប់ដែលពាក់ព័ន្ធ»។

ក្នុងនាមជាស្នងការនៃសហភាពអឺរ៉ុបទទួលបន្ទុកឧស្សាហកម្ម និងសេដ្ឋកិច្ចឌីជីថល លោក Breton ត្រូវបានចាត់តាំងឲ្យតាមដានក្រុមហ៊ុនអ៊ីនធឺណិតខ្នាតយក្ស ដែលធ្វើពាណិជ្ជកម្មក្នុងប្លុកនេះ ហើយអាចចាប់ផ្តើមចំណាត់ការតាមច្បាប់។
លោក Breton បានសរសេរថា៖«បន្ទាប់ពីការវាយប្រហារភេរវកម្មដែលធ្វើឡើងដោយក្រុមហាម៉ាស់ប្រឆាំងនឹងអ៊ីស្រាអែល យើងមានការបង្ហាញថា កម្មវិធីរបស់អ្នក កំពុងត្រូវបានប្រើប្រាស់ ដើម្បីផ្សព្វផ្សាយខ្លឹមសារខុសច្បាប់ និងព័ត៌មានមិនពិត នៅក្នុងសហភាពអឺរ៉ុប»។