ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃអង្គារ (១០ តុលា) ថា លោកមាន «ដំណឹងល្អ» ស្តីពីការផ្គត់ផ្គង់កាំភ្លើងធំ និងប្រព័ន្ធការពារអាកាស បន្ទាប់ពីបានពិភាក្សាជាមួយប្រធានាធិបតីរ៉ូម៉ានី លោក Klaus Iohannis ក្នុងទីក្រុងប៊ុយការ៉េស (Bucharest) ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតនោះទេ។

លោក Zelenskiy ក៏បាននិយាយផងដែរថា អ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន គួរតែត្រូវបានធ្វើ ដើម្បីទប់ស្កាត់ប្រទេសរុស្ស៊ី បង្វែរផ្នែកមួយនៃសមុទ្រខ្មៅ ឬតំបន់ Danube ទៅជាអ្វីដែលលោកបានពិពណ៌នាថា ជា «តំបន់ស្លាប់» នៃដែនសមុទ្រ។
រុស្ស៊ីបានដកខ្លួនចេញពីកិច្ចព្រមព្រៀង ដែលធានាការនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែន ប្រកបដោយសុវត្ថិភាពតាមរយៈសមុទ្រខ្មៅ ហើយបាននិងកំពុងវាយប្រហារហេដ្ឋារចនាសម្ព័ន្ធកំពង់ផែអ៊ុយក្រែននៅលើទន្លេ Danube ផងដែរ។
លោក Zelenskiy ក៏បានលើកឡើងអំពីជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ដោយលោកបានរំលឹកឡើងវិញថា លោកជឿថា នោះជាផលប្រយោជន៍របស់រុស្ស៊ី ក្នុងការធ្វើឱ្យមានសង្រ្គាមនៅមជ្ឈិមបូព៌ា។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយនៅមុននោះបន្តិចថា ការផ្តល់យោបល់របស់លោក Zelenskiy កាលពីថ្ងៃចន្ទ ថាជាផលប្រយោជន៍របស់រុស្ស៊ី ក្នុងការបង្កសង្គ្រាមនៅមជ្ឈិមបូព៌ា ដើម្បីធ្វើឱ្យការរួបរួមជាសកលចុះខ្សោយនោះ គឺជាការលើកឡើងដោយគ្មានមូលដ្ឋានច្បាស់លាស់ទាល់តែសោះ៕

