ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោក Josep Borrell បានចោទប្រកាន់រដ្ឋាភិបាល អ៊ីស្រាអែលកាលពីថ្ងៃអង្គារ ពីការបំពានច្បាប់អន្តរជាតិ ដែលបានដាក់ការបិទផ្លូវនៅតំបន់ហ្គាហ្សា ក្នុងការឆ្លើយតបទៅនឹងការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធហាម៉ាស់ប៉ាឡេស្ទីន ទៅលើអ៊ីស្រាអែល។

បន្ទាប់ពីកិច្ចប្រជុំបន្ទាន់មួយដើម្បីពិភាក្សាពីផលវិបាកនៃការវាយប្រហារ លោក Borrell បាននិយាយថា ភាគច្រើនលើសលប់នៃរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប បានគាំទ្រការចំណាយលើជំនួយដែលបន្ត សម្រាប់អាជ្ញាធរប៉ាឡេស្ទីន ដែលគ្រប់គ្រងនៅតំបន់ West Bank។

លោក Borrel បានធ្វើសេចក្តីថ្លែងការណ៍ របស់លោក ១ថ្ងៃបន្ទាប់ពីស្នងការអឺរ៉ុប លោក Oliver Varhelyi ជាអ្នកការទូតជនជាតិហុងគ្រី បាននិយាយថា ជំនួយអភិវឌ្ឍន៍សហភាពអឺរ៉ុបទាំងអស់ សម្រាប់ពលរដ្ឋ ប៉ាឡេស្ទីន ត្រូវបានផ្អាក ដែលស្នងការលែងទទួលស្គាល់ការប្រកាសរបស់លោក បន្ទាប់ពីប្រតិកម្មដ៏ខ្លាំងក្លាពីរដ្ឋាភិបាលអឺរ៉ុប។
លោក Borrel បានអញ្ជើញ រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល និងប៉ាឡេស្ទីន ដើម្បីចូលរួមតាមសន្និសីទវីដេអូ ក្នុងកិច្ចប្រជុំមួយក្នុងទីក្រុង Muscat ប្រទេសអូម៉ង់។
មន្ត្រីនិយាយថា ប៉ុន្តែរដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Eli Cohen មិនចង់ចូលរួមក្នុងកិច្ចប្រជុំនេះទេ ដែលនឹងត្រូវថ្លែងសុន្ទរកថាដោយរដ្ឋមន្ត្រីអាជ្ញាធរប៉ាឡេស្ទីន លោក Riyad al-Maliki ដូច្នេះនៅទីបំផុតនឹងគ្មានការចូលរួម។ លោក Borrell បាននិយាយដដែលថា សហភាពអឺរ៉ុបថ្កោលទោសចំពោះការវាយប្រហាររបស់ក្រុមហាម៉ាស់ ដែលបានសម្លាប់ពលរដ្ឋអ៊ីស្រាអែលជាង១.០០០នាក់ ភាគច្រើនជាជនស៊ីវិល។