ភ្នំពេញ ៖ ដំឡូងមី និងគ្រាប់ស្វាយចន្ទី ដែលជាដំណាំសក្ដានុពលនៅកម្ពុជា ត្រូវបានរំពឹងថា នឹងមានទីផ្សារងើបឡើងកាន់តែល្អបន្ថែមទៀត នៅចុងរដូវនៃការប្រមូលផលឆ្នាំនេះ ដោយមានអ្នកបញ្ជាទិញកំពុងចរចា និងមានតម្លៃខ្ពស់ជាងមុន ។
លោក នី កាណ ប្រធានសម្ព័ន្ធសមាគមដំឡូងមីខេត្តបាត់ដំបង បានថ្លែងប្រាប់ភ្នាក់ងារអ្នកយកព័ត៌មាន BTV ស្តីអំពីការដាំដុះដំណាំដំឡូងមី និងតម្លៃទីផ្សារដំឡូងមីបច្ចុប្បន្ន នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ នេះថា ទិន្នផលដំឡូងមី នៅក្នុងឆ្នាំនេះ ទទួលបានបរិមាណតិចជាងឆ្នាំមុន ។ ចំណែកគុណភាពក៏មិនសូវគាប់ប្រសើផងដែរ ខណៈនៅក្នុងរដូវនៃការដាំដុះនេះ កសិករជួបបញ្ហាទឹកភ្លៀងធ្លាក់ជាច្រើន ដែលជាហេតុធ្វើឲ្យដំឡូងដុះលូតលាស់មិនសូវល្អ។
លោក បន្តថា ខណៈបរិមាណដំឡូងមី មានការធ្លាក់ចុះ ចំណែកទីផ្សារនៃការលក់ដំឡូងមីវិញ បានងើបឡើងល្អប្រសើរ ជាពិសេសនៅចុងរដូវនេះ ឈ្មួញទិញដំឡូងមីក្រៀម បានកំពុងចរចាឲ្យតម្លៃខ្ពស់។ ក្រៅពីទីផ្សារនាំចេញទៅកាន់ទីផ្សារប្រទេសជិតខាង លោកក៏សង្ឃឹមផងដែរថា ផលដំឡូងមីនៅឆ្នាំបន្តបន្ទាប់ នឹងអាចលក់ចេញបានតម្លៃកាន់តែប្រសើរ ខណៈបច្ចុប្បន្នក្រសួងពាណិជ្ជកម្មបានរៀបចំ និងជួយទំនាក់ទំនង ដើម្បីជំរុញការនាំចេញផលិតផលនេះទៅកាន់ប្រទេសចិនដោយផ្ទាល់ ។
ពាក់ព័ន្ធការដាំដុះនេះដែរ, លោក វ៉ា រុតសាន កសិករអ្នកដាំដុះ និងរកឃើញពូជស្វាយចន្ទី M23, M7, M10 បច្ចុប្បន្នបានដាំដុះនៅលើផ្ទៃដីជាង១៣០ហិកតា។ លោក លើកឡើងថា ការប្រមូលផលគ្រាប់ស្វាយចន្ទីឆ្នាំនេះ កសិករជួបបញ្ហាខ្លះៗដោយសារកត្តាអាកាសធាតុ សត្វល្អិត និងសន្សើមប្រៃជាដើម ដែលអាចធ្វើឲ្យបរិមាណទិន្នផលឆ្នាំនេះធ្លាក់ចុះខ្លះ។ ប៉ុន្តែស្របពេលនេះដែរ សម្រាប់តម្លៃលក់ចេញគ្រាប់ស្វាយចន្ទីស្ងួតក្នុងទីផ្សារបច្ចុប្បន្នវិញ កសិករលក់បានក្នុងរង្វង់ ១ ៦៥០ ដុល្លារ ទៅ ១ ៧០០ ដុល្លារ ក្នុងតោន គឺខ្ពស់ជាងឆ្នាំ២០២០ ហើយលោកសង្ឃឹមថា នៅចន្លោះខែសីហា និងខែកញ្ញា ក្នុងឆ្នាំ២០២១នេះ តម្លៃលក់ចេញគ្រាប់ស្ងួត នឹងអាចហក់ឡើងដល់រង្វង់ ២ ០០០ដុល្លារ ក្នុងមួយតោនផងដែរ។
យោងតាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញអំពីស្ថានភាពនៃការនាំចេញកសិផលក្នុងរយៈពេល ៥ ខែ ឆ្នាំ២០២១ ក្នុងនោះការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ រួមមាន ៖ ដំឡូងមី គ្រាប់ស្វាយចន្ទី ពោត សណ្តែកបាយ សណ្តែកសៀង ចេក ស្វាយស្រស់ ក្រូចថ្លុង ដូងប្រេង ថ្នាំជក់ ម្រេច បន្លែគ្រប់មុខ និងម្ទេសជាដើម មានចំនួនជាង ៣ លានតោន កើនឡើង ៦៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០ និងមានតម្លៃនៃការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ តាមការប៉ាន់ស្មាន ក្នុងរង្វង់ជិត ១៨ លានដុល្លារអាមេរិក ៕
អត្ថបទ៖ សុន រ៉ាឌី
