មនុស្សរាប់រយនាក់ បានប្រមូលផ្ដុំគ្នាតវ៉ានៅក្នុងប្រទេសឈីលី ប្រេស៊ីល សហរដ្ឋអាមេរិក និងអេស្ប៉ាញ កាលពីថ្ងៃអង្គារ (១០ តុលា) ដើម្បីបង្ហាញការគាំទ្ររបស់ពួកគេដោយអ្នកខ្លះបង្ហាញការគាំទ្រសម្រាប់អ៊ីស្រាអែល និងខ្លះទៀតគាំទ្រប៉ាឡេស្ទីន បន្ទាប់ពីការវាយប្រហារជាច្រើនដងកាលពីចុងសប្តាហ៍លើអ៊ីស្រាអែល ដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស។

ក្រុមអ្នកគាំទ្រប៉ាឡេស្ទីន បានប្រមូលផ្តុំគ្នានៅមុខអគារសំខាន់ៗក្នុងប្រទេសឈីលី និងប្រេស៊ីល ដោយគ្រវីទង់ជាតិ និងបដា អំពាវនាវឱ្យបញ្ឈប់ការសម្លាប់កុមារអំឡុងពេលជម្លោះ។ ដោយឡែក មនុស្សរាប់រយនាក់ក៏បានចេញតវ៉ានៅទីក្រុងញូវយ៉ក របស់សហរដ្ឋអាមេរិក និងអេស្ប៉ាញ សម្រាប់ការប្រមូលផ្តុំគ្នាគាំទ្រអ៊ីស្រាអែល បន្ទាប់ពីការវាយប្រហារដោយពួកសកម្មប្រយុទ្ធហាម៉ាស បានសម្លាប់ជនជាតិអ៊ីស្រាអែលជាង ១.០០០នាក់មក។
កាលពីចុងសប្តាហ៍ ខ្មាន់កាំភ្លើងក្រុមហាម៉ាស បានសម្រុកចូលរបងពីតំបន់ហ្គាហ្សា កាលពីថ្ងៃសៅរ៍ (៧ តុលា) ដោយបានសម្លាប់ទាហាន និងជនស៊ីវិលអ៊ីស្រាអែល ព្រមទាំងចាប់ចំណាប់ថ្នូររាប់សិបនាក់ត្រឡប់ទៅតំបន់ឆ្នេរហ៊ុមព័ទ្ធវិញ។
អ៊ីស្រាអែលបានឆ្លើយតបទៅវិញដោយការវាយប្រហារតាមអាកាសដោយទម្លាក់គ្រាប់បែកច្រើនបំផុតរបស់ខ្លួនទៅលើតំបន់ហ្គាហ្សា ហើយក៏កំពុងត្រៀមការវាយលុកលើទឹកដីផ្លូវគោក ដែលខ្លួនបានដកទ័ពចេញពីជិតពីរទសវត្សរ៍មុន បន្ទាប់ពីការកាន់កាប់អស់រយៈពេល ៣៨ឆ្នាំមកផងដែរ៕

