រដ្ឋបាលរាជធានីភ្នំពេញណែនាំដល់កងកម្លាំងមានសមត្ថកិច្ច ត្រូវបង្កើនកម្លាំងអប់រំ ស្តីពីសុវត្ថិភាពចរាចរណ៍ឱ្យកាន់តែផុសផុលបន្ថែមទៀតដល់ប្រជាពលរដ្ឋក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។
ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញាលើកទី៥៣ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ ២០២៣ លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ការលើកកម្ពស់ការងារសន្តិសុខ សណ្ដាប់ធ្នាប់ មុនពេល អំឡុងពេល និងក្រោយពេលពិធីបុណ្យភ្ជុំបិណ្ឌ រដ្ឋបាលរាជធានីភ្នំពេញសង្កត់ធ្ងន់ឱ្យមានការអប់រំ ស្តីពីសុវត្ថិភាពចរាចរណ៍ ដែលនេះ គឺជាចំណុចមួយដ៏ល្អប្រសើរ ដើម្បីធានាសុវត្ថិភាពដល់អ្នកបើកបរនៅតាមដងផ្លូវ។

លោកអភិបាលរងបានណែនាំដល់កងកម្លំាងសមត្ថកិច្ចត្រូវពង្រាយកម្លាំង នៅតាមតំបន់ច្រកចេញចូលសំខាន់ៗនៅរាជធានីភ្នំពេញ ដើម្បីជួយសម្រួលចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរទៅកាន់ស្រុកកំណើត។ បន្ថែមពីនេះទៀត ត្រូវដាក់ពង្រាយកម្លាំងចុះទៅអប់រំ ស្តីពីសុវត្ថិភាពចរាចរណ៍ ព្រោះប្រជាពលរដ្ឋចាប់ផ្ដើមចេញពីរាជធានីភ្នំពេញនៅពីថ្ងៃទី១២ ខែតុលា តទៅហើយ ដើម្បីទៅតាមបណ្ដាស្រុកកំណើតរបស់គាត់ ពីព្រោះពលរដ្ឋបានឈប់សម្រាកក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។

លោក មាន ចាន់យ៉ាដា បានបន្តថា ចំពោះការអប់រំទៅដល់ប្រជាពលរដ្ឋនេះ គឺអប់រំកុំឱ្យមានដឹកលើសចំណុះ ដឹកសំពីងសំពោង និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីធានាសុវត្ថិភាពក្នុងការធ្វើដំណើរ ជាពិសេសបានទៅលេងស្រុកកំណើតដោយទឹកមុខសប្បាយរីករាយក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ។ ជាងនេះទៅទៀត ក្នុងពេលនេះកងកម្លាំង ត្រូវបង្កើនការអប់រំផ្សព្វផ្សាយឱ្យបានច្រើនជាងការផាកពិន័យ ដើម្បីបង្កើនការយល់ដឹងទៅដល់ប្រជាពលរដ្ឋឱ្យបានច្បាស់លាស់ ។

លោក មាន ចាន់យ៉ាដា បានស្នើសុំឱ្យបង្កើនកម្លាំងសម្រួលចរាចរណ៍ ដើម្បីធ្វើយ៉ាងណាបង្កើនការអប់រំផ្សព្វផ្សាយ កុំយកតែវិធានការផាកពិន័យមកប្រើ ពីព្រោះប្រជាពលរដ្ឋគឺគាត់ចង់ដឹងអំពីច្បាប់ គាត់ធ្វើខុសគឺជំនាញបង្កើនការអប់រំមិនបានច្រើន ជំនាញផាកពិន័យក្នុងករណីគាត់រឹងរូស ចចេះ ជាមួយនឹងបទល្មើសចរាចរណ៍ធំៗ ប៉ុន្តែករណីទូទៅគួរតែផ្ដល់នូវការអប់រំឱ្យបានច្រើនជាងការផាកពិន័យ នេះជាសំណូមទី១ពាក់ព័ន្ធនាឱកាសបុណ្យភ្ជុំបិណ្ឌ។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានមានប្រសាសន៍កោតសរសើរ ចំពោះមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ និងប្រជាជនរាជធានីភ្នំពេញដែលបានខិតខំយ៉ាងសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវ ចូលរួមអភិវឌ្ឍន៍រាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់គណៈអភិបាលរាជធានីភ្នំពេញ រហូតសម្រេចបានលទ្ធផលរីកចម្រើនលើគ្រប់វិស័យ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា





