ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែតុលាឆ្នាំ២០២៣នេះ ក្រុមការងារប្រតិកម្មរហ័សសាលារាជធានីភ្នំពេញ បានបន្តនាំយកប័ណ្ណមូលនិធិសមធម៌សុខាភិបាល ( ប.ស.ស ) ចំនួន៨៤៥ប័ណ្ណ ចែកជូនពលរដ្ឋជាអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅក្នុងផ្សារចំនួន០៩ ក្នុងរាជធានីភ្នំពេញ ។
តាមការឱ្យដឹងពីក្រុមមន្ត្រីប្រតិកម្មរហ័សរាជធានីភ្នំពេញ បានបញ្ជាក់ថា ការបន្តចុះចែកប័ណ្ណសមធម៌សុខាភិបាលជូនពលរដ្ឋប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធខាងលើនេះ គឺដោយមានការគិតគូរយកចិត្តទុកដាក់ពីសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃកម្ពុជា និងតាមការណែនាំចង្អុលបង្ហាញពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយអនុញ្ញាតឱ្យក្រុមការងារបន្តសកម្មភាពចុះចែកប័ណ្ណនេះ ជូនពលរដ្ឋ សម្រាប់ការយកទៅប្រើប្រាស់ជាប្រយោជន៍លើវិស័យសុខាភិបាល ដើម្បីជាការជួយសម្រាលបន្ទុកចំណាយលើតម្រូវការផ្សេងៗរបស់បងប្អូន ។
តបតាមរយះការបន្តយកចិត្តទុកដាក់នេះដែរ ពលរដ្ឋអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធបានបង្ហាញក្តីរីករាយ និងថ្លែងអំណរគុណបំផុតដល់រាជរដ្ឋាភិបាលអាណត្តិទី០៧ថ្មី ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខថ្នាក់ដឹកនាំ ។
ពលរដ្ឋ បន្តលើកឡើងថា ប័ណ្ណមូលនិធិសមធម៌សុខាភិបាលនេះដែរ វានឹងផ្តល់អត្ថប្រយោជន៍ច្រើនសម្រាប់ពួកគាត់ដែលជាពលរដ្ឋរកស៊ីតិចមានជីវភាពខ្វះខាត ព្រោះវាជួយសម្រាលការចំណាយប្រាក់កាសច្រើន ពេលឈឺស្កាត់ម្តងៗ ដែលកត្តានេះវាជាផ្នែកមួយ នៃការជួយសន្សំសំចៃកំរៃដែលពួកគាត់រកបាន សម្រាប់យកទៅប្រើប្រាស់លើតម្រូវការផ្សេងៗដទៃទៀត ក្នុងជីវភាពប្រចាំថ្ងៃផងដែរ ។
សូមបញ្ជាក់ថា ផ្សារទាំង០៩ ដែលក្រុមការងារអាជ្ញាធររាជធានីភ្នំពេញ ចុះចែកប័ណ្ណជូន អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ រួមមាន ៖
ទី១-ផ្សារបឹងកេងកង សរុបចំនួន ៦៧ ប័ណ្ណ
ទី២-ផ្សារធំថ្មី សរុបចំនួន ១៦២ ប័ណ្ណ
ទី៣-ផ្សារដេប៉ូ សរុបចំនួន ២៤៣ ប័ណ្ណ
៤-ផ្សារបន្លែច្បារអំពៅ សរុបចំនួន ១១៩ ប័ណ្ណ
ទី៥-ផ្សារទួលទំពូង សរុបចំនួន ១១១ ប័ណ្ណ
ទី៦-ផ្សារកាប់គោ សរុបចំនួន ២៧ ប័ណ្ណ
ទី៧-ផ្សារទឹកថ្លា សរុបចំនួន ៤៧ ប័ណ្ណ
ទី៨-ផ្សារចាក់អង្រែ សរុបចំនួន ១០ ប័ណ្ណ
ទី៩-ផ្សារសាមគ្គី សរុបចំនួន ៦៣ ប័ណ្ណ ៕ អត្ថបទ ៖ លីហេង






