អតីតនិស្សិតសាកលវិទ្យាល័យ Harvard ដ៏លេចធ្លោរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ បានរិះគន់លិខិតគាំទ្រប៉ាឡេស្ទីន ពីក្រុមនិស្សិតដែលបានស្តីបន្ទោសអ៊ីស្រាអែល ចំពោះអំពើហឹង្សាជុំវិញតំបន់ និងបានជំរុញឱ្យសាកលវិទ្យាល័យចាត់វិធានការប្រឆាំងនឹងក្រុមនិសិ្សតហត្ថលេខីទាំងនោះ។

សម្ព័ន្ធនៃអង្គការនិស្សិតសាកលវិទ្យាល័យ Harvard ចំនួន ៣៤ក្រុម បាននិយាយថា របបអ៊ីស្រាអែលគឺជាអ្នកទទួលខុសត្រូវទាំងស្រុង ចំពោះអំពើហឹង្សាដែលកើតឡើងទាំងអស់ បន្ទាប់ពីការកាន់កាប់ទឺកដីជាច្រើនទសវត្សរ៍មក ដោយបន្ថែមថា «របបរើសអើងរបស់អ៊ីស្រាអែលមួយនេះ គឺជារបបតែមួយគត់ដែលត្រូវស្តីបន្ទោស»។
ប្រធានសកលវិទ្យាល័យ Harvard លោកស្រី Claudine Gay បាននិយាយកាលពីថ្ងៃអង្គារថា លិខិតគាំទ្រប៉ាឡេស្ទីនពីនិស្សិតសាកលវិទ្យាល័យ Harvard ដែលបានស្តីបន្ទោសអ៊ីស្រាអែលចំពោះអំពើហឹង្សាជុំវិញតំបន់នេះ មិនតំណាងឲ្យស្ថាប័នអប់រំទាំងមូល ឬថ្នាក់ដឹកនាំរបស់សាកលវិទ្យាល័យនោះទេ។
ជាធម្មតា សាកលវិទ្យាល័យ គឺជាមូលដ្ឋាននៃការបញ្ចេញមតិដោយសេរី និងគំនិតជ្រុលនិយម ប៉ុន្តែលិខិតរបស់និស្សិតមួយច្បាប់នោះ បានវាយប្រហារនៅក្នុងកិច្ចការនយោបាយ។
សូមបញ្ជាក់ថា សាកលវិទ្យាល័យ Harvard គឺជាសាកលវិទ្យាល័យដែលមានឥទ្ធិពលបំផុតនៅក្នុងនយោបាយរបស់សហរដ្ឋអាមេរិក ដោយបានបណ្ដុះបណ្ដាលអតីតប្រធានាធិបតីចំនួនប្រាំបីរូប និងចៅក្រមតុលាការកំពូលបច្ចុប្បន្នចំនួនបួនរូប ក្នុងចំណោមចៅក្រមជាន់ខ្ពស់ទាំងប្រាំបួនរូប របស់សហរដ្ឋអាមេរិកផងដែរ៕

