ក្រុមអាជ្ញាធរនៅលើប្រជុំកោះកាណារី បានបញ្ជាឱ្យបិទសាលារៀនជាបណ្តោះអាសន្ន ដោយសារមានកំណើនសីតុណ្ហភាពក្តៅខ្លាំងកម្រិតបំបែកកំណត់ត្រានៅលើប្រជុំកោះនេះ ហើយស្ថានភាពនោះអាចជួយធ្វើឱ្យចំហេះព្រៃដ៏ធំមួយនៅលើកោះថេណឺរីហ្វ (Tenerife) កើតឡើងម្ដងទៀត។

ដោយមានការព្យាករណ៍ថាសីតុណ្ហភាពខ្ពស់នឹងបន្ត រដ្ឋមន្ត្រីអប់រំនៃប្រជុំកោះនេះ គឺលោកប៉ូលី ស្វារ៉េស (Poli Suárez) បានប្រកាសថាថ្នាក់រៀនត្រូវផ្អាកនៅថ្ងៃពុធ (១០ តុលា) នេះ រហូតដល់ថ្ងៃសុក្រ (១៣ តុលា) ខាងមុខ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា មានករណីជាច្រើននៃសិស្សដួលសន្លប់ ឬទទួលរងនូវអាការៈថប់ដង្ហើមដោយសារកម្ដៅខ្លាំង ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះនៅក្នុងប្រជុំកោះកាណារី នេះ។ សីតុណ្ហភាពដ៏ខ្ពស់បានជួយក្នុងការបង្កជាចំហេះព្រៃឡើងវិញនៅភាគឦសាននៃកោះថេណឺរីហ្វ ដែលបានបំផ្លាញព្រៃឈើទំហំប្រហែល ១.៥០០០ហិចតា កាលពីរដូវក្តៅឆ្នាំនេះ។
ចំហេះបានឆាបឆេះលើកដំបូងកាលពីពាក់កណ្តាលខែសីហា ហើយត្រូវបានប្រកាសថា ស្ថិតក្រោមការគ្រប់គ្រងបាននៅថ្ងៃទី១១ ខែកញ្ញា ប៉ុន្តែមិនទាន់រលត់ទាំងស្រុងនៅឡើយទេហើយចំហេះតូចៗជាច្រើនបានបន្តឆាបឆេះជាបន្តបន្ទាប់ក្នុងតំបន់ដដែលនោះ ដោយសារខ្យល់បក់ និងកម្ដៅដ៏ខ្លាំងក្លាផងដែរ៕

