មីយ៉ាន់ម៉ា ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយកាលពីថ្ងៃអង្គារ (១០ តុលា) ថា យោធាមីយ៉ាន់ម៉ា ត្រូវបានគេចោទប្រកាន់ពីបទបើកការវាយប្រហារតាមអាកាស លើជំរំសម្រាប់ជនភៀសខ្លួននៅក្នុងរដ្ឋភាគខាងជើង កាជីន របស់មីយ៉ាន់ម៉ា ដែលបានសម្លាប់មនុស្សប្រហែល ៣០នាក់ រួមមានកុមារប្រហែលរាប់សិបនាក់ ក្រុមសកម្មប្រយុទ្ធកាជីន និងសកម្មជនជាច្រើននាក់ផងដែរ។
លោកវរសេនីយ៍ឯក Naw Bu អ្នកនាំពាក្យនៃកងទ័ពឯករាជ្យកាជីន បាននិយាយថា មនុស្ស ២៩នាក់ រួមទាំងកុមារ ១១នាក់ ដែលមានអាយុក្រោម ១៦ឆ្នាំ ត្រូវបានសម្លាប់ និងមនុស្សប្រហែល៥៧នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការវាយប្រហារដែលធ្វើឡើងដោយអាកាស និងដោយកាំភ្លើងធំកាលពីល្ងាចថ្ងៃចន្ទ។
រដ្ឋាភិបាលរួបរួមជាតិរបស់សហភាពមីយ៉ាន់ម៉ា ដែលជាក្រុមប្រឆាំងដ៏សំខាន់ទូទាំងប្រទេស និងចាត់ទុកខ្លួនឯងជាស្ថាប័នរដ្ឋបាលស្របច្បាប់របស់ប្រទេសនេះ បាននិយាយថា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា «បានទាញយកផលប្រយោជន៍ពីអំឡុងពេលដែលសហគមន៍អន្តរជាតិ កំពុងយកចិត្តទុកដាក់លើការវិវឌ្ឍន៍ថ្មីៗនៃជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស ក្នុងការប្រព្រឹត្តឧក្រិដ្ឋកម្មមួយផ្សេងទៀតប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាមលើប្រជាជនមីយ៉ាន់ម៉ា។
នៅក្នុងសេចក្តីថ្លែងការណ៍តាមទូរស័ព្ទទៅកាន់ទូរទស្សន៍រដ្ឋ MRTV អ្នកនាំពាក្យរដ្ឋាភិបាលយោធា លោកឧត្តមសេនីយ៍ទោ Zaw Min Tun បានបដិសេធការទទួលខុសត្រូវចំពោះការវាយប្រហារនេះ ប៉ុន្តែបាននិយាយថា យោធាមានលទ្ធភាពវាយប្រហារទីស្នាក់ការកណ្តាលរបស់ក្រុមបះបោរទាំងអស់ របស់សហភាពមីយ៉ាន់ម៉ា៕

