កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង ជាច្រើននាក់ បានសំដែងទឹកចិត្តរីករាយក្នុងការធ្វើបុណ្យភ្ជុំបិណ្ឌជួបជុំក្រុមគ្រួសារ បងប្អូន កូនចៅ ញាតិមិត្ត យ៉ាងកុះករនៅតាមវត្តអារាមនានាទូទាំងខេត្តកំពង់ឆ្នាំង ក្រោយពីការងើបចេញពីវិបត្តិនៃជំងឺកូវីដ-១៩ ព្រមគ្នាជាមួយនឹងការស្តារសេដ្ឋកិច្ចយ៉ាងឆាប់រហ័សលើសពីការរំពឹងទុករបស់កម្ពុជា។ បន្ថែមពីនេះ អ្វីដែលកាន់តែរីករាយនោះ គឺរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបានសម្រេចអនុញ្ញាតឱ្យប្រារព្វពិធីបុណ្យភ្ជុំបិណ្ឌក្នុងឆ្នាំ២០២៣នេះយ៉ាងសប្បាយ។
តំណាងប្រជាពលរដ្ឋបានអោយដឹងថា៖ ក្នុងឆ្នាំ២០២៣នេះ ការធ្វើបុណ្យភ្ជុំបិណ្យនៅតាមទីវត្តអារាមនានា គឺមានមនុស្សច្រើនកុះករ និងមិនមានអ្នកណាខ្លាចរអារឿងឆ្លងជម្ងឺកូវីដ១៩ទៀតនោះឡើយ ដោយសារតែហេតុនេះហើយ បានជាឆ្នាំនេះមានពុទ្ធិបរិស័តច្រើនកុះករតាមវត្តនីមួយៗ បាននាំគ្នាធ្វើបុណ្យដាក់ទានតាមក្តីប្រាថ្នាយ៉ាងសប្បាយរីករាយក្រោមម្លប់សុខសន្តិភាព ជាពិសេសទៀតនោះ គឺបានជួបជុំសាច់ញាតិ ក្រុមគ្រួសារ បងប្អូន កូនចៅជិតឆ្ងាយផងដែរ។ កត្តាទាំងនេះ ដោយសារការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលបានខិតខំស្វះស្វែងរកវ៉ាក់សាំងការពារជម្ងឺកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប មិនអោយអ្នកណាមិនបានចាក់វ៉ាក់សាំងនោះឡើយ សូម្បីតែកុមារតូចៗក៏បានចាក់ជូនដោយឥតគិតថ្លៃផងដែរ។
នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីបានថ្លែងថា៖ ប្រសិនបើគ្មានសន្តិភាពទេ កុំនិយាយពីប្រជាធិបតេយ្យ និយាយពីសិទ្ធិមនុស្ស និយាយមិនកើតទេ។ បើគ្មានសន្តិភាព គ្មានភាពសុខសប្បាយណាកើតឡើងបានទេ ដូច្នេះទើបយើងត្រូវខិតខំថែរក្សាសន្តិភាពនេះ ឱ្យបានបើទោះបីជាស្ថិតនៅក្នុងតម្លៃណាក៏ដោយ។ មានសន្តិភាព គឺមានផ្លូវ មានស្ពាន ងាយស្រួលធ្វើដំណើរពីតំបន់មួយទៅតំបន់មួយ ដោយយើងធ្លាប់ឆ្លងសាឡាងជាច្រើនកន្លែងតែឥឡូវ យើងមានស្ពានភ្ជាប់តំបន់ទាំងនោះតាមរយៈការអភិវឌ្ឍ។ ចំណែកមធ្យោបាយធ្វើដំណើរកាន់តែច្រើន ប្រជាពលរដ្ឋមានឡាន ម៉ូតូដោយខ្លួនឯង ក្រៅពីនោះ ក៏មានរថយន្តឈ្នួល អាចធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយដោយងាយស្រួល ។ ក្រោយជម្ងឺកូវីដ១៩បានរលត់ទៅ សេដ្ឋកិច្ចកម្ពុជាបានហក់ឡើងវិញ ប្រាក់ចំណូលឆ្នាំនេះត្រូវបានផ្ទេរពីវណ្ណៈកណ្ដាល ទៅកាន់ប្រជាពលរដ្ឋក្រីក្រនៅជនបទ ។ ការកើតឡើងនូវតំបន់ទេសចរណ៍ថ្មីៗ ការបង្កើតឡើងនូវសហគមន៍ទេសចរណ៍នានា ។ ជាពិសេស ភាពស៊ាំសហគមន៍ ដែលចេញមកពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងការចូលរួមរបស់ប្រជាជនទៅលើការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩នេះតែម្តង ៕ ដោយ ៖ កាំង ហុងវាស្នា











