បាល់ទាត់៖ ក្រុមបាល់ទាត់ជំរើសជាតិអង់គ្លេស បានយកឈ្នះអូទ្រីស ១-០ ក្នុងជំនួបមិត្តភាពកំដៅសាច់ដុំត្រៀម Euro ២០២០ ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី១២ ខាងមុខ។

ការប្រកួតដែលធ្វើឡើងនៅកីឡដ្ឋាន Riverside Stadium របស់ក្លិប Middlesbrough កីឡាករយុវជន Arsenal, Bukayo Saka ជាអ្នករកបានគ្រាប់ជ័យជំនះ ១គ្រាប់គត់ តែក្រុមរបស់លោក Gareth Southgate ក៏ជួបនឹងបញ្ហារបួសដែរ នៅពេលខ្សែការពារស្តាំរបស់ Liverpool, Trent Alexander-Arnold ត្រូវបានផ្លាស់ប្ដូរចេញនៅចុងម៉ោង។ នេះជាជ័យជំនះ ៧ប្រកួតជាប់គ្នាហើយសំរាប់អង់គ្លេសក្នុងជំនួបមិត្តភាពអន្តរជាតិ ដែលស្មើនឹងស្ថិតិកាលពីឆ្នាំ១៩៨៥-៨៦ នៅពេលនោះអង់គ្លេសក្រោមការដឹកនាំរបស់ Sir Bobby Robson។
អង់គ្លេសស្ថិតក្នុងពូល D ដោយនឹងត្រូវជួបជាមួយក្រូអាស៊ីមុនគេនៅថ្ងៃទី១៣ ខែមិថុនាខាងមុខ មុនបន្តជួបស្កុតឡេន និងចុងក្រោយជួបសាធារណរដ្ឋឆេក។ ចំណែកអូទ្រីសស្ថិតក្នុងពូល C ដោយនឹងត្រូវជួបម៉ាសេដ្វាន់ខាងជើងនៅថ្ងៃទី១៣ មុនបន្តជួបហូឡង់ និងអ៊ុយក្រែន។ ចំណែកលទ្ធផលជំនួបមិត្តភាពផ្សេងទៀតយប់មិញ មានដូចជាបារាំងយកឈ្នះវែល ៣-០, អាល្លឺម៉ង់ស្មើដាណឺម៉ាក ១-១ ខណៈហូឡង់ស្មើស្កុតឡេន ២-២៕
អត្ថបទ៖នាង សុភាវុធ