អ៊ីស្រាអែល ៖ ក្រោយការវាយប្រហារតាមច្រកអាកាសពេញមួយយប់របស់អ៊ីស្រាអែល នៅព្រឹកថ្ងៃពុធនេះ ប្រជាពលរដ្ឋរស់នៅតំបន់ហ្គាហ្សាស្រ្ទីប ភ្ញាក់ឡើងមើលឃើញតែការបំផ្លិចបំផ្លាញ និងភាពវឹកវរ ។
ក្រសួងសុខាភិបាលតំបន់ហ្គាហ្សា និយាយថា មនុស្សយ៉ាងហោច ៩០០នាក់ ត្រូវបានសម្លាប់ ហើយមនុស្ស ៤.៦០០នាក់ផ្សេងទៀត បានរងរបួស នៅក្នុងតំបន់បិទច្រកនៅតំបន់ឆ្នេរមួយនេះ ។
កាលពីថ្ងៃសៅរ៍ ក្រុមខ្មាន់កាំភ្លើងរបស់ជីវពលហាម៉ាស់ មកពីតំបន់កាន់កាប់ហ្គាហ្សាស្រ្ទីប បានសម្រុកចូលតំបន់ភាគខាងត្បូងប្រទេសអ៊ីស្រាអែល ដែលជាការវាយប្រហារសម្លាប់មនុស្សច្រើនបំផុតរបស់ក្រុមជីវពលប៉ាឡេស្ទីន នៅក្នុងប្រវត្តិសាស្រ្តអ៊ីស្រាអែល ។
ដោយឡែក យោធាអ៊ីស្រាអែល និយាយថា ចំនួនមនុស្សស្លាប់នៅក្នុងប្រទេសអ៊ីស្រាអែល បានកើនឡើងដល់ ១.២០០នាក់ ហើយមនុស្សជាង ២.៧០០នាក់ផ្សេងទៀត បានរងរបួស ។
លោក Abu Muathគឺជាពលរដ្ឋមួយរូបរស់នៅតំបន់ហ្គាហ្សា និយាយថា ហាងលក់ទឹកអប់ដែលស្ថិតនៅតំបន់ហ្គាហ្សា ជាកម្មសិទ្ធិរបស់កូនប្រុសលោក ត្រូវបានបំផ្លិចបំផ្លាញគ្មានសល់ ពួកយើងបានបើកហាងកាលពីរយៈពេល ១ខែមុន ដោយចំណាយទឹកប្រាក់អស់ ១ម៉ឺនដុល្លារ ។
លោកបន្តទៀតថា ការវាយប្រហាររបស់អ៊ីស្រាអែល មិនយុត្តិធម៌នោះទេ ពួកយើងពុំធ្លាប់ដែលមើលឃើញការវាយប្រហារបែបនេះនៅកន្លែងផ្សេងនោះទេ សូម្បីតែនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា និងទីក្រុងណាហ្គាសាគី របស់ប្រទេសជប៉ុន ។ ពួកគេមានគោលដៅលើអ្វីគ្រប់បែបយ៉ាងទាំងអស់ រួមទាំងគោលដៅមកលើមនុស្ស ដើមឈើ ហើយសូម្បីតែដុំថ្ម និងកុមារ ៕

