កូរ៉េខាងត្បូង ៖ យន្តហោះ ដែលដឹកជនជាតិកូរ៉េខាងត្បូងប្រហែល ២០០នាក់ពីទីក្រុង Tel Aviv បានចុះចតនៅអាកាសយានដ្ឋាន Incheon ក្នុងប្រទេសកូរ៉េខាងត្បូងហើយ នៅថ្ងៃពុធ (ទី១១ ខែតុលា) នេះ បន្ទាប់ពីមានការវាយប្រហារដ៏នឹកស្មានមិនដល់មួយដោយក្រុមសកម្មប្រយុទ្ធហាម៉ាសលើប្រទេសអ៊ីស្រាអែល កាលពីចុងសប្តាហ៍កន្លងមក រហូតបង្ខំឲ្យក្រុមហ៊ុនអាកាសចរណ៍នានាផ្អាកជើងហោះហើរទៅនិងមកពីអ៊ីស្រាអែល។
រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Park Jin បាននិយាយក្នុងអំឡុងសវនកម្មសភា កាលពីថ្ងៃអង្គារ (ទី១០ ខែតុលា) ថា ជនជាតិកូរ៉េខាងត្បូងប្រមាណ ៥៦០នាក់ កំពុងស្នាក់នៅរយៈពេលយូរ ក្នុងប្រទេសអ៊ីស្រាអែល ខណៈដែលជាង ៥០០នាក់នៅទីនោះរយៈពេលខ្លី។
អ្នកដំណើរឈ្មោះ Jang Jeong-yoon វ័យ ៦២ឆ្នាំ ដែលជិះយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Korean Air ត្រឡប់ទៅប្រទេសកំណើតវិញនោះ បាននិយាយថា អាកាសយានដ្ឋាន Ben Gurion «មានមនុស្សយ៉ាងណែនណាប់តាន់តាប់» និង «មមាញឹកណាស់» ។
រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បួង បានប្រាប់ឲ្យដឹងកាលពីថ្ងៃអង្គារថា គ្មានសេចក្ដីរាយការណ៍ពីពលរដ្ឋកូរ៉េខាងត្បូង ដែលស្លាប់ និងរបួសនោះទេ។ អ្នកដំណើរកូរ៉េខាងត្បូងរយៈពេលខ្លីជាច្រើននាក់ បានទៅលេងកម្សាន្ត នៅប្រទេសនេះ ដើម្បីចូលរួមការធ្វើធម្មយាត្រា៕

