អាមេរិក ៖ សមាជិកគណបក្សសាធាររដ្ឋ ប្រចាំរដ្ឋ Arizona គឺលោកស្រី Kari Lake ដែលជាសម្ព័ន្ធមិត្តស្តាំនិយមរបស់លោក Donald Trump បានប្រកាសកាលពីថ្ងៃអង្គារ (ទី១០ ខែតុលា) ពីបេក្ខភាពរបស់លោកស្រីសម្រាប់ការតែងតាំងតំណែងព្រឹទ្ធសភាសហរដ្ឋអាមេរិករបស់គណបក្សរបស់លោកស្រី នៅក្នុងអ្វី ដែលអាចជាការប្រណាំងប្រជែងការបោះឆ្នោតសកល ៣ផ្លូវ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ របស់ហសរដ្ឋអាមេរិក។
Arizona គឺជារដ្ឋមួយ ក្នុងចំណោមរដ្ឋដែលមានការប្រកួតប្រជែងផ្នែកនយោបាយខ្លាំងក្លាបំផុតរួចទៅហើយរបស់សហរដ្ឋអាមេរិក ប៉ុន្តែការប្រជែងតំណែងព្រឹទ្ធសភាកាន់តែមានសភាពខ្លាំងឡើងៗ បន្ទាប់ពីសមាជិកព្រឹទ្ធសភា លោកស្រី Kyrsten Sinema ក្នុងខែធ្នូ បានដកខ្លួនពីសមាជិកភាពរបស់គណបក្សប្រជាធិបតេយ្យ ហើយបានប្រកាសខ្លួនឯងថា ជាអ្នកប្រកួតប្រជែងឯករាជ្យ។
លោកស្រី Lake ដែលជាអតីតអ្នកផ្សាយព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍ Fox ក្នុងទីក្រុង Phoenix បានដំណើរការប្រជែងតំណែងអភិបាលរដ្ឋនៅឆ្នាំ២០២២ តែបានចាញ់លោកស្រី Katie Hobbs របស់គណបក្សប្រជាធិបតេយ្យ ក្នុងសំឡេងយ៉ាងប្រកៀកប្រកិត។ លោកស្រី Lake គឺជាអ្នកគាំទ្រយ៉ាងខ្លាំងក្លាចំពោះលោក Trump ដែលរហូតមកដល់ពេលនេះ កំពុងនាំមុខគេ សម្រាប់ការតែងតាំងតំណែងប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋ ក្នុងការបោះឆ្នោតឆ្នាំ២០២៤៕

