
កម្មវិធីស្បៀងអាហារពិភពលោក(WFP)របស់អង្គការសហប្រជាជាតិ បានចាប់ផ្តើមឡើងវិញការចែកចាយជំនួយស្បៀងអាហាររបស់ខ្លួនដល់ជនភៀសខ្លួនប្រហែល ៩០ម៉ឺននាក់ នៅទូទាំងប្រទេសអេត្យូពី ។
ការចែកចាយស្បៀងអាហារ ត្រូវបានផ្អាកកាលពីខែមិថុនា រយៈពេល ១ថ្ងៃក្រោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ(USAID) បានប្រកាសផ្អាកការផ្តល់ជំនួយរបស់ពួកគេ បន្ទាប់ពីមានសេចក្តីរាយការណ៍លើករណីចោរលួចជំនួយបរិច្ចាគទ្រង់ទ្រាយធំ ។
ទោះបីជាយ៉ាងណាក៏ដោយ ទាំង WFP និង USAID ពុំបានផ្តល់សេចក្តីលម្អិតនោះទេ។
ក្រុមបរិច្ចាគបរទេស បាននិយាយថា USAID មានជំនឿថា ស្បៀងអាហារទាំងនេះ ត្រូវបានបង្វែរទៅអង្គភាពយោធាអេត្យូពី ដែលជាផ្នែកមួយរៀបចំឡើងដោយអង្គភាពរដ្ឋាភិបាលសហព័ន្ធ និងរដ្ឋាភិបាលក្នុងតំបន់ ។
កងទ័ពអេត្យូពី បានច្រានចោលថា ទាហានរបស់ពួកគេ ពុំបានរកប្រយោជន៍ពីជំនួយស្បៀងអាហារដែលត្រូវបានគេលួចនោះទេ ខណៈដែលរដ្ឋាភិបាលអេត្យូពី និយាយថា ពួកគេនឹងស៊ើបអង្កេតលើករណីនេះ ប៉ុន្តែពួកគេបានរិះគន់ការផ្អាកជំនួយ ។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋជាង ២០លាននាក់ ត្រូវការជំនួយស្បៀងអាហារនៅក្នុងប្រទេសអេត្យូពី បន្ទាប់ពីមានគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតនៅតំបន់អាហ្វ្រិកខាងកើត ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ ហើយនិងជម្លោះរយៈពេល ២ឆ្នាំ នៅតំបន់ទីក្រេ ។
WFP បានផ្តល់ជំនួយសង្រ្គោះបន្ទាន់ដល់មនុស្សជិត ៦លាននាក់ មុនពេលពួកគេបញ្ឈប់ការចែកចាយ ។ ពួកគេនិយាយថា ចាប់តាំងពីមានកំណែទម្រង់សំខាន់ៗនៅតាមជំរំជនភៀសខ្លួនទាំងអស់ក្នុងប្រទេសអេត្យូពី ឃ្លាំងស្តុកទំនិញទាំង ២៤កន្លែង បច្ចុប្បន្នគ្រប់គ្រងដោយ WFP៕