
ក្រសួងការពារជាតិរុស្ស៊ី នៅថ្ងៃពុធនេះបានបញ្ចេញវីដេអូដែលបង្ហាញរដ្ឋមន្ត្រីការពារជាតិ លោក Sergei Shoigu កំពុងធ្វើទស្សនកិច្ចនៅរោងចក្រមួយកន្លែង ក្នុងទីក្រុង Ulyanovsk របស់រុស្ស៊ី ដែលផលិតយន្តហោះដឹកជញ្ជូនយោធា។ ទាំងនេះរួមមានយន្តហោះដឹកជញ្ជូនយុទ្ធសាស្ត្រ Il-76 និង An-124 ជាយន្តហោះដឹកទំនិញធំបំផុតរបស់ពិភពលោក នៅក្នុងសេវាដ៏សកម្ម។
ថ្លែងទៅកាន់ មេបញ្ជាការយោធា និងមន្ត្រីជាន់ខ្ពស់ឧស្សាហកម្ម លោក Shoigu បាននិយាយថា តម្រូវការសម្រាប់យន្តហោះដឹកជញ្ជូនបានបន្តកើនឡើង ដោយសារយុទ្ធនាការយោធារបស់រុស្ស៊ី នៅអ៊ុយក្រែន និងបាននិយាយថា ទំហំការងាររបស់ពួកគេពេលនេះ បានកើនលើសនូវអ្វីដែលសហភាពសូវៀត បានប្រឈមមុខ ទោះបីជាស្ថិតក្នុងពេលវេលាតានតឹងបំផុតរបស់ខ្លួន។