
អតីតនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison នៅថ្ងៃពុធ (ទី១១ ខែតុលា) នេះ បានជំរុញឲ្យមានការការពារ និងថែរក្សារសន្តិភាព និងសេរីភាពរបស់កោះតៃវ៉ាន់ ចំពេលមានការគំរាមកំហែងកាន់តែខ្លាំងឡើងៗ នៅក្នុងបរិយាកាសដ៏តានតឹង។
ថ្លែងនៅក្នុងវេទិកាការទូតដ៏លេចធ្លោមួយ ដែលមានការចូលរួមដោយអាជ្ញាធររបស់កោះតៃវ៉ាន់ ក្នុងនោះរួមមានទាំងមេដឹកនាំ លោកស្រី Tsai Ing-wen ផងដែរ លោក Morrison បានកោតសរសើរចំពោះភាពជឿនលឿននៃលទ្ធិប្រជាធិបតេយ្យរបស់កោះ ដែលប្រកាសដោយខ្លួនឯង ហើយបានប្រៀបធៀបកោះនេះជាមួយប្រទេសជិតខាងដ៏មានឥទ្ធិពល «ឆ្លងកាត់ច្រកសមុទ្រ» របស់ខ្លួន ដោយការលើកឡើងនេះ មិនបញ្ចេញឈ្មោះប្រទេសចិននោះឡើយ។
ក្នុងព្រឹត្តិការណ៍ដូចគ្នា ដែលត្រូវបានគេស្គាល់ថា ជាវេទិកា Yushan លោកស្រី Tsai បានអំពាវនាវឲ្យសហគមន៍អន្តរជាតិចាត់ទុកកោះតៃវ៉ាន់ជា «ដៃគូដ៏មានសុវត្ថិភាព និងគួរឲ្យទុកចិត្ត» ទោះបីជាជា «ពេលវេលាសាកល្បង»ក៏ដោយ។
លោក Morrison ដែលដំណើរទស្សនកិច្ចនេះ ត្រូវបានចិនរិះគន់នោះ គ្រោងនឹងថ្លែងសុន្ទរកថាមួយទៀត អំឡុងអាហារពេលល្ងាច ដែលរៀបចំដោយរដ្ឋមន្ត្រីការបរទេសកោះតៃវ៉ាន់ នៅថ្ងៃបន្ទាប់។ ទីក្រុងប៉េកាំងបានចាត់ទុកកោះតៃវ៉ាន់ថា ជាចំណែកនៃដែនដីរបស់ខ្លួន ហើយបានបង្កើនការធ្វើសមយុទ្ធ នៅក្បែរកោះនេះ ដោយបង្កើនការភ័យខ្លាចកាន់តែខ្លាំងឡើងពីជម្លោះ ដែលនឹងប៉ះពាល់ជាសកល៕