អតីតខ្សែបម្រើ Chelsea និង Real Madrid, Eden Hazard បានសម្រេចចិត្តចូលនិវត្តន៍ពីអាជីពបាល់ទាត់ហើយ ក្រោយចំណាយពេល ១៦ឆ្នាំ។
កីឡាវ័យ ៣២ ឆ្នាំរូបនេះ បានផ្លាស់ទៅកាន់ Real Madrid ពីតោខៀវ Chelsea កាលពីឆ្នាំ ២០១៩ ក្នុងតម្លៃ ៨៩ លានផោន តែបង្ហាញខ្លួនបានត្រឹម ៥៤ ប្រកួតប៉ុណ្ណោះនៅក្នុងលីគ និងបានចាកចេញពី Real Madrid នៅដំណាច់រដូវកាលមុន។

កីឡាករប៊ែលហ្ស៊ិករូបនេះ ក៏បានចូលនិវត្តន៍ផងដែរពីក្រុមជម្រើសជាតិកាលពីខែធ្នូឆ្នាំមុន បន្ទាប់ពីបញ្ចប់បេសកកម្មរបស់ខ្លួននៅ World Cup 2022 លើទឹកដីកាតាជាមួយប៊ែលហ្ស៊ិកដែលធ្លាក់ត្រឹមវគ្គចែកពូល។
នៅជាមួយ Real Madrid, Eden Hazard ធ្លាប់ឈ្នះជើងឯក UEFA Champions League, FIFA Club World Cup, European Super Cup, La Liga ២ ដង Copa del Rey និង អេស្ប៉ាញ Super Cup ២ ដង។
ថ្វីបើឈ្នះជើងឯកច្រើនក៏ពិតមែន ពេលវេលាជាមួយ Real Madrid មិនចាត់ទុកជាឱកាសជោគជ័យ នៃអាជីពរបស់ខ្លួនឡើយ ដោយសាររបួសញាំញី ធ្វើឱ្យ Hazard បង្ហាញខ្លួនបានត្រឹម ៧៦ ប្រកួតប៉ុណ្ណោះរកបាន ៧ គ្រាប់។

រំលឹកថា Eden Hazard បានចាប់ផ្តើមអាជីពរបស់ខ្លួនដំបូងជាមួយក្លិបបារាំង Lille បង្ហាញខ្លួនបាន ១៤៩ ប្រកួតរកបាន ៥០ គ្រាប់ឈ្នះជើងឯក Ligue1 និង French Cup ក្នុងរដូវកាលតែមួយ ២០១០-១១។
អាជីពជោគជ័យនៅទឹកដីបារាំង Eden Hazard សម្រេចបានការផ្ទេរមកកាន់តោខៀវ Chelsea នៅឆ្នាំ ២០១២ ក្នុងតម្លៃ ៣២ លានផោន និងចាត់ទុកថាជាអាជីពជោគជ័យនៅលើទឹកដីអង់គ្លេសក្រោយបង្ហាញខ្លួនសរុប ៣៥២ ប្រកួតរកបាន ១១០ គ្រាប់ ឈ្នះជើងឯក English Premier League ២ លើក Europa League មួយលើក និងជាកីឡាករឆ្នើមបំផុតប្រចាំរដូវកាល ២០១៤-១៥ នៅអង់គ្លេស៕ អត្ថបទ៖នាង សុភាវុធ
