
នៅថ្ងៃពុធនេះ ក្រុមស្ម័គ្រចិត្ត បានជួយក្រុមអ្នកជីកផ្នូរធ្វើការក្រៅម៉ោង នៅទីស្មាសានយោធាសំខាន់របស់អ៊ីស្រាអែល ស្របពេលដែលការបញ្ចុះសាកសពនៅតែបន្តសម្រាប់ទាហានដែលបានស្លាប់នៅក្នុងការសម្រុកចូលវាយប្រហារទ្រង់ទ្រាយធំដោយក្រុមខ្មាន់កាំភ្លើងប៉ាឡេស្ទីនមកពីតំបន់ហ្គាហ្សាស្រ្ទីប ។
នៅក្នុងចំណោមជនជាតិអ៊ីស្រាអែល ១.២០០នាក់ ត្រូវបានសម្លាប់អំឡុងការវាយឆ្មក់ និងការប៉ះទង្គិចគ្នាដែលបានផ្ទុះឡើងកាលពីថ្ងៃសៅរ៍ មនុស្ស ១៦៩នាក់ ត្រូវបានគេផ្តល់អត្តសញ្ញាណថាជាទាហានអ៊ីស្រាអែល ហើយនិងត្រូវបានបញ្ចុះនៅទីស្មសានជាតិ Mount Herzl ។
ដាក់ឈ្មោះកវីនិពន្ធនាចុងសតវត្សរ៍ទី ១៩លោក Theodor Herzl ដែលមានស្រមៃចង់បង្កើតរដ្ឋជ្វីហ្វ ទីស្មសាននេះ គឺជាកន្លែងទៅកាន់សុគតិភពចុងក្រោយគេសម្រាប់ក្រុមមេដឹកនាំអ៊ីស្រាអែល និងទាហានក្នុងស្រុក ។
លោក Ori Kirzon វ័យ ២៩ឆ្នាំ ដែលជាអ្នកស្ម័គ្រចិត្តមួយរូប និយាយថា លោកមកដល់ទីស្មសាន Mount Herzl នៅវេលាម៉ោង ៦ និង ៣០នាទីព្រឹក ជាមួយក្រុមស្ម័គ្រចិត្តផ្សេងទៀត ដើម្បីជួយពួកគេជីកផ្នូរដាក់សាកសពទាហាន ។
លោកបាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា លោកបានសម្រេចចិត្តថា លោកនឹងធ្វើអ្វីមួយដើម្បីប្រជាជនអ៊ីស្រាអែល ដើម្បីទាហាន និងដើម្បីព្រះដ៏មានមហិទ្ធិឫទ្ធិ ហើយនិងជីកផ្នូរសម្រាប់ទាហានដែលបានពលីជីវិតរបស់ពួកគេ ។
ស្របពេលដែលអ៊ីស្រាអែល នៅតែបង្កើនការវាយប្រហារលើតំបន់ហ្គាហ្សា ជាទីដែលចំនួនជនប៉ាឡេស្ទីនស្លាប់ បានកើនឡើងជាង ៩៥០នាក់ ហើយជម្លោះកំពុងគំហែងរីករាលដាល់ដល់តំបន់ខ្សែត្រៀមមុខនោះ គ្រោះថ្នាក់ ត្រូវបានគេរំពឹងថា នឹងកើនឡើងបន្ថែមទៀត ៕