ភ្នំពេញ ៖ ពលរដ្ឋរស់នៅក្នុងខណ្ឌ៧មករា នៅថ្ងៃទី០៣ ខែមិថុនានេះ បន្តមកចាក់វ៉ាក់សាំង Sinovac ដូសទី១ ក្នុងទីតាំងសាលាបឋមសិក្សាសំពៅមាស។ តាមការគ្រោងទុកការចាក់វ៉ាក់សាំងដូសទី១ ជូនពលរដ្ឋនៅ ខណ្ឌនេះ នឹងបញ្ចប់នៅថ្ងៃទី៧ ខែមិថុនា ខាងមុខនេះ។ គ្រូពេទ្យ បន្តស្នើដល់ពលរដ្ឋដែលចាក់វ៉ាក់សាំងរួច ចូលរួមអនុវត្តវិធានសុខាភិបាល។
ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនពលរដ្ឋទូទៅក្នុងខណ្ឌ៧មករា នាថ្ងៃនេះ លោក វេជ្ជបណ្ឌិត អ៊ុក សីហា អនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានស្នើដល់ពលរដ្ឋ ដែលបានចាក់វ៉ាក់សាំងរួចហើយ ស្តាប់តាមការណែនាំរបស់ក្រុមគ្រូពេទ្យ ដើម្បីប្រសិទ្ធភាពវ៉ាក់សាំង ពោលគឺកុំទាន់ទទួលទានគ្រឿងស្រវឹង និងបរិភោគចំណីហឹរ និងបើទោះបីទទួលបានការចាក់វ៉ាក់ សាំងរួចហើយ កុំភ្លេចការពារខ្លួន ដោយត្រូវអនុវត្តវិធានការបីកុំ បីការពារ។
សម្រាប់ពលរដ្ឋមកចាក់វ៉ាក់សាំងក្នុងទីតាំងសាលាបឋមសិក្សាសំពៅមាស ស្ថិតក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ បានលើកឡើងថា ពួកគេ នឹងបន្តអនុវត្តតាមការណែនាំរបស់ក្រុមគ្រូពេទ្យ ក្រោយចាក់វ៉ាក់ សាំងរួច ដើម្បីប្រសិទ្ធភាពវ៉ាក់សាំង។
ការចាក់វ៉ាក់សាំងកូវីដ-19 គឺជាមធ្យោបាយមួយ ក្នុងចំណោមវិធានការសុខាភិបាលចាំបាច់ដទៃ ទៀត ដែលនឹងបង្ការការរាតត្បាត ការចម្លងជំងឺកូវីដ-19 និងកាត់បន្ថយផលប៉ះពាល់ នៃជំងឺកូវីដ-19 ទៅ លើវិស័យសេដ្ឋកិច្ច និងសង្គម។
បើតាមផែនការមេ របស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-19 ក្នុងក្របខណ្ឌទូទាំង ប្រទេស មានគោលដៅចាក់ជូនពលរដ្ឋ១០លាននាក់ ឬ៦២ភាគរយ នៃប្រជាពលរដ្ឋសរុប នៅត្រឹមពាក់ កណ្តាលឆ្នាំក្រោយ៕
អត្ថបទ៖ ទូច សោភ័ណ