កណ្ដាល ៖ នាយខណ្ឌរដ្ឋបាលជលផលកណ្ដាលរំពឹងថាទិន្នផលត្រីខេត្តកណ្តាលឆ្នាំនេះអាចនឹងកើនឡើងជាងឆ្នាំទៅ
លោក ហេង សុភារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាលបានថ្លែងថា ទិន្នផលត្រីសម្រាប់ខេត្តកណ្តាលនាឆ្នាំ២០២៣នេះអាចនឹងកើនឡើង ខណៈការរំពឹងរបស់លោកនេះដោយហេតុថាបទល្មើសនេ សាទខុសច្បាប់មិនសូវមានច្រើនដូចកាលកន្លងទៅ ដោយសារតែប្រជាពលរដ្ឋមានការចូលរួមសហការច្រើនក្រោយអាជ្ញាធរចុះអប់រំ និងពន្យល់អំពីនីតិវិធីច្បាប់ដល់មូលដ្ឋាន។
ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ BTV ក្រោយបញ្ចប់កិច្ចប្រជុំ ស្តីពីការបណ្តុះបណ្តាល អប់រំ និងផ្សព្វផ្សាយអំពីឧបករណ៍នេសាទ ដែលខុសច្បាប់ដល់អាជ្ញាធរមូលដ្ឋាន នៅស្រុកពញាឮ ខេត្តកណ្តាល នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះលោក ហេង សុភារិទ្ធ បានបញ្ជាក់ថា ក្រោយខណ្ឌរដ្ឋបាល ជលផលកណ្តាលចុះអប់រំ និងផ្សព្វផ្សាយអំពីទោសទណ្ឌ ការនេសាទខុសច្បាប់ដល់មូលដ្ឋានជាបន្តបន្ទាប់ នោះឃើញថាខេត្តកណ្តាលមានការធ្លាក់ចុះច្រើនទាក់ទងនឹងនេសាទខុសច្បាប់ ដោយប្រើប្រាស់ឧបករណ៍ដែលហាមឃាត់ ដូច្នេះហើយឆ្នាំនេះទិន្នផលត្រីវានឹងអាចកើនឡើងទៅតាមហ្នឹងយ៉ាងដូច្នេះដែរ។
បើតាមលោក ហេង សុភារិទ្ធ ក៏បានបញ្ជាក់ផងដែរថា ក្រោយធ្វើការចុះផ្សព្វផ្សាយ និងអប់រំបងប្អូនប្រជាពលរដ្ឋមួយចំនួនក៏បានសម្រេចប្រគល់ឧបករណ៍ខុសច្បាប់ជូនដល់អាជ្ញាធរយកទៅកម្ទេចចោលជាបន្តបន្ទាប់ផងដែរ ខណៈអ្នកដែលបានស្ម័គ្រចិត្ត និងចូលរួមសហការជាមួយអាជ្ញាធរនាពេលនេះពួកគាត់នឹងរួចផុតពីទោសទណ្ឌ តែបើបុគ្គលណានៅរឹងទទឹង ហើយបន្តលួចទុកឧបករណ៍ខុសច្បាប់ និងធ្វើនេសាទដោយខុសច្បាប់ ចាប់ពីពេលនេះតទៅនាយខណ្ឌជលផលកណ្តាលនឹងមិនលើក លែងទោសដល់ពួកគាត់នោះឡើយ។ លោកនាយខណ្ឌរដ្ឋបាលជលផល បានបញ្ជាក់ផងដែរថា ឧបករណ៍ខុសច្បាប់សម្រាប់ធ្វើនេសាទ មានដូចជា ថ្មស្អុយ ការឆក់ត្រី ស្បៃមុងក្រឡាញឹក ជាតិផ្ទុះគ្រប់ប្រភេទជាដើម៕ អត្ថបទ៖ បាន ចក់












