ក្រចេះ៖ មន្ទីរបរិស្ថានខេត្តក្រចេះ នៅថ្ងៃទី១១ខែតុលាម្សិលមិញ បានចេញប្រកាសព័ត៌មាន បដិសេធ និងច្រានចោលទាំងស្រុង ចំពោះការចុះផ្សាយរបស់សារព័ត៌មានដើមរាំង ដែលបានចោទប្រកាន់មន្ទីរបរិស្ថានថា ឃុបឃិតជាមួយអាជ្ញាធរភូមិ ដើមយកប្រាក់អ្នកពីជីកបូមមាសដោយម៉ាស៊ីនមួយគ្រឿងស្មើរនឹង៦០ម៉ឺនរៀល និងមានទីតាំងរុករករ៉ែមាសនេះ ចំនួន១០០ទីតាំង និងប្រើប្រាស់ដោយម៉ាស៊ីនខួងដើម្បីរុករករ៉ែមាស។ ការចុះផ្សាយនេះ គឺគ្មានមូលដ្ឋានច្បាស់លាស់មិនបានស្វែងរកមូលហេតុ ឬអង្គហេតុគ្រប់ជ្រុងជ្រោយ ដែលមានចរិកលក្ខណៈបង្កាច់បង្ខូចញុះញុង ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសមន្ត្រីនៃមន្ទីរបរិស្ថានខេត្តក្រចេះ។
ក្នុងន័យនេះ មន្ទីរបរិស្ថានខេត្តក្រចេះបានបញ្ជាក់ថា កាលពីថ្ងៃទី៨-៩ ខែតុលា ឆ្នាំ២០២៣ មន្ទីរបរិស្ថានខេត្តក្រចេះ បានធ្វើការចុះទប់ស្កាត់បង្ក្រាបករណីរុករកបូមរ៉ែមាស នៅចំណុចសោមដឺប៉ូ ក្នុងនោះមន្ត្រីបានចុះដល់ទីតាំង ប្រទះឃើញករណីបូមរុករករ៉ែមានជាលក្ខណៈគ្រួសារចំនួន ០៨ទីតាំង ជនសង្ស័យត្រូវបានរត់គេចខ្លួនបាត់អស់ និងបន្សល់ទុកនៅរោងស្នាក់នៅចំនួន ០៨រោង ទុយោបូមទឹកចំនួន ០១ដុំប្រវែង៨០ម៉ែត្រ និងក្បាលបូមទឹកចំនួន ០១គ្រឿង និងមិនបានប្រទះឃើញអ្វីទៀតឡើយ មន្ត្រីកំពុងបន្តស្រាវជ្រាវបន្ថែមទៀត ចំពោះការចុះផ្សាយថា មន្ត្រីប្រមូលប្រាក់ ប្រើប្រាស់ម៉ាស៊ីនខួងរុករករ៉ែមាស និងមានទីតាំងរុករករ៉ែមាសចំនួន ១០០កន្លែង គឺមិនមែនជាការពិតនោះទេ។
មន្ទីរបរិស្ថានខេត្តក្រចេះ សូមធ្វើការបដិសេដ និងច្រានចោលទាំងស្រុងចំពោះការចុះផ្សាយរបស់សារព័ត៌មាន ដើមរាំងខាងលើ ដែលមានលក្ខណៈញុះញុង ជំរុញឱ្យមានភាពយល់ច្រឡំ និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសមន្ត្រីនៃមន្ទីរបរិស្ថានខេត្តក្រចេះទាំងស្រុង។ មន្ទីរបរិស្ថានខេត្តក្រចេះ សូមឱ្យសារព័ត៌មាន ដើមរាំង កែសម្រួលនូវខ្លឹមសារចុះផ្សាយសារជាថ្មី ដើម្បីជូនសារធារណៈជនទាំងអស់ទទួលជ្រាប និងឈប់យល់ច្រឡំ និងសូមសារព័ត៌មានទាំងអស់ជួយស្រាវជ្រាវ រកអត្តសញ្ញាណជនប្រព្រឹត្តល្មើល មកជំនាញមានសមត្ថកិច្ច ដើម្បីអនុវត្តច្បាប់។
