ច្រកឆ្លងកាត់ទាំងអស់របស់តំបន់ហ្គាហ្សាត្រូវបានបិទ ដែលមិនអាចឲ្យមានការនាំចូលឥន្ធនៈ សម្រាប់ផ្គត់ផ្គង់រោងចក្រថាមពលឬសម្រាប់ម៉ាស៊ីនភ្លើង ដែលប្រជាពលរដ្ឋ និងមន្ទីរពេទ្យនានាបានពឹងផ្អែក។
ប្រជាពលរដ្ឋតំបន់ហ្គាហ្សាម្នាក់លោកមហាម៉េដ អេលគូរ៉ា ( Mohamed Elqura) បានប្រឈមកង្វះខាតសម្ភារៈចំបាច់ជាមូលដ្ឋានសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃក្នុងតំបន់ដែលត្រូវបានកងកម្លាំងអ៊ីស្រាអែលឡោមព័ទ្ធ ស្របពេលការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅតែបន្តកាលពីថ្ងៃពុធ ទី១១ខែតុលា អមដោយការគំរាមកំហែងកាត់ផ្ដាច់ជំនួយនិងសម្ភារៈផ្គត់ផ្គង់នានា។
លោកបានបន្ថែមថា យើងលែងទទួលតម្រូវការចាំបាច់ជាមូលដ្ឋានសម្រាប់ការរស់នៅទីនេះទៀតហើយ ។គ្មានទឹក សូម្បីតែនំបុ័ងក៏គ្មានដែរ ។ចំណែកកូនតូចៗគ្មានខោទឹកនោម គ្មានទឹកដោះគោ និងគ្មានរបស់ប្រើប្រាស់ចាំបាច់ទាល់តែសោះ។នេះមិនមែនជាជីវិតទេ។
ប្រជាពលរដ្ឋ ប្រើរទេះសេះ និងរថយន្តដឹកទំនិញ ដឹកទឹក ដែលច្រកក្នុងពីដុង ខណៈក្មេងៗតម្រង់ជួរគ្នាត្រង់ទឹក និងដឹកតាមរទេះរុញ។
តំបន់ហ្គាហ្សាពេលនេះ កំពុងប្រឈមនឹងមន្តរាយមនុស្សធម៌ដ៏ធ្ងន់ធ្ងរ។ អ៊ីស្រាអែល បានរឹតបន្តឹងការបិទច្រកនៃតំបន់ហ្គាហ្សា ដែលឈានដល់ការហាមប្រាមការនាំចូលស្បៀងអាហារ ឥន្ធនៈ និងកាត់ផ្ដាច់ការផ្គង់ផ្គង់អគ្គិសនីទាំងស្រុង៕

