នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានបង្កើតរដ្ឋាភិបាលគ្រាអាសន្នមួយកាលពីថ្ងៃពុធ (១១ តុលា) ដើម្បីដឹកនាំសង្រ្គាមប្រឆាំងនឹងក្រុមហាម៉ាស ហើយរដ្ឋមន្ត្រីការពារជាតិរបស់លោកបានប្តេជ្ញាថា នឹងកម្ទេចក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនមួយនេះ «ឲ្យបាត់ចេញពីផែនដី» ជុំវិញការវាយប្រហារដ៏សាហាវកាលពីចុងសប្តាហ៍របស់ខ្លួន។

ខ្មាន់កាំភ្លើងក្រុមអ៊ីស្លាម ហាម៉ាស បានចូលលុកលុយអ៊ីស្រាអែលពីតំបន់ហ្គាហ្សា ស្ទ្រីប កាលពីថ្ងៃសៅរ៍ នៅក្នុងការវាយប្រហាដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១.២០០នាក់ ដែលជាការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ដ៏សាហាវបំផុតក្នុងប្រវត្តិសាស្ត្រអ៊ីស្រាអែល។
អ៊ីស្រាអែលបានឆ្លើយតបទៅវិញដោយការទម្លាក់គ្រាប់បែកដ៏ច្រើនសន្ធឹកសន្ធាប់ទៅលើតំបន់ហ្គាហ្សា ដែលបានសម្លាប់មនុស្សប្រហែល ១.០៥៥នាក់ ហើយបានដាក់ពង្រាយទាហានរាប់ពាន់នាក់ជុំវិញតំបន់ហ៊ុមព័ទ្ធមួយនេះ ស្របពេលមានការរំពឹងទុកថា អ៊ីស្រាអែលនឹងបើកការវាយលុកតាមដីគោក ដើម្បីកម្ទេចក្រុមហាម៉ាស។

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បាននិយាយថា «យើងនឹងកម្ទេចក្រុម ហាម៉ាស ឬហៅថា ក្រុមរដ្ឋអ៊ីស្លាមហ្គាហ្សា ឲ្យបាត់ចេញពីផែនដី មិនឲ្យមានវត្តមាននៅលើលោកនេះទៀតនោះទេ។
មេដឹកនាំបក្សប្រឆាំងកណ្ដាលនិយម លោក Benny Gantz ដែលជាអតីតប្រធាន និងជាឧត្តមសេនីយការពារជាតិអ៊ីស្រាអែល បាននិយាយថា នេះជាពេលវេលានៃសង្រ្គាម ហើយត្រូវរួមគ្នា។ លោក Netanyahu និងលោក Gantz បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមរបស់ពួកគេថា ក្នុងអំឡុងពេលនៃការប្រយុទ្ធជាមួយក្រុមហាម៉ាស នៅតំបន់ហ្គាហ្សា រដ្ឋាភិបាលគ្រាអាសន្ននឹងមិនទទួលយកគោលនយោបាយ ឬច្បាប់ដែលមិនពាក់ព័ន្ធណាមួយឡើយ៕

