ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Maura Vieira រដ្ឋមន្ត្រីក្រសួងការបរទេសប្រេស៊ីល ដោយផ្តោតលើការងារមួយចំនួនពាក់ព័ន្ធសក្តានុពលរបស់កម្ពុជា។

នៅក្នុងជំនួបការងារ កាលពីរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តម ឌិត ទីណា បានគូសបញ្ជាក់អំពីសក្តានុពលនៃវិស័យកសិកម្មកម្ពុជា ដូចជា ស្រូវ ដែលមានអតិរេកប្រមាណ ៦លានតោនក្នុងមួយឆ្នាំ សម្រាប់ការកែច្នៃនាំចេញ ព្រមទាំងដំណាំសក្តានុពលផ្សេងទៀត ជាអាទិ៍៖ ស្វាយចន្ទី ដំឡូងមី និងកៅស៊ូ។ ឯកឧត្តមបានបន្តថា លើសពីនេះទៀត កម្ពុជា ជាសមាជិកអាស៊ាន ដែលមានទីផ្សារធំទូលាយ ព្រមទាំងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយទីផ្សារប្រទេសចិន ដែលនេះជាឱកាសសម្រាប់ការវិនិយោគលើការកែច្នៃនាំចេញ (Downstream)។ ទន្ទឹមនឹងនេះដែរ កម្ពុជាក៏មានច្បាប់វិនិយោគដ៏គួរឱ្យទាក់ទាញ សម្រាប់ការវិនិយោគពីខាងក្រៅប្រទេសផងដែរ។

ភាគីទាំងពីរ បានសាទរចំពោះការចាប់ផ្តើមនេះ និងបន្តយន្តការកិច្ចសហប្រតិបត្តិការ សិក្សាពីគ្នាទៅវិញទៅមកពីឱកាសវិនិយោគ ដើម្បីភាពរីកចម្រើនទាំងអស់គ្នា ជាពិសេសការធានាបាននូវសន្តិសុខស្បៀង និងនិរន្តរភាពបរិស្ថាន។

សូមជម្រាបជូនថា ក្នុងជំនួបនាឱកាសនោះ ភាគីប្រេស៊ីល បានលើកឡើងពីគម្រោងបើកស្ថានឯកអគ្គរដ្ឋទូតប្រេស៊ីលប្រចាំកម្ពុជានៅដើមឆ្នាំ២០២៤ និងចេតនាបង្កើនទំនាក់ទំនងលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ជាពិសេសលើការវិនិយោគ និងការធ្វើពាណិជ្ជកម្ម។ បន្ថែមលើនេះ ប្រេស៊ីល ក៏គ្រោងនឹងរៀបចំឱ្យមានទស្សនៈកិច្ចផ្លូវការមួយទៀត ពីសំណាក់រដ្ឋមន្ត្រីកសិកម្មប្រេស៊ីលមកកាន់កម្ពុជាផងដែរ នៅក្នុងឆ្នាំ២០២៤ខាងមុខ៕ អត្ថបទ៖ ដោយ ឈិត បូរ៉ាវី



