ការរញ្ជួយដីដ៏ខ្លាំងក្លាមួយបានវាយប្រហារម្ដងទៀត នៅក្នុងខេត្ត Herat ភាគខាងលិចប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃពុធ (១១ តុលា) ដោយបង្ខំឱ្យក្រុមអាជ្ញាធរដាក់ពង្រាយឡើងវិញនូវភ្នាក់ងារសម្រាលបន្ទុកគ្រោះមហន្តរាយ និងក្រុមសង្គ្រោះ ដែលធ្លាប់បានដាក់ម្ដងរួចហើយនៅតាមទីតាំងកើតហេតុ បន្ទាប់ពីការរញ្ជួយដីជាបន្តបន្ទាប់កាលពីថ្ងៃសៅរ៍មក ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់។

មកទល់ពេលនេះ មិនទាន់មានព័ត៌មានលំអិតអំពីអ្នកស្លាប់ និងរបួសនៅឡើយទេ នេះបើយោងតាមអ្នកនាំពាក្យគ្រប់គ្រងគ្រោះមហន្តរាយ លោក Janan Sayeeq បានប្រាប់សារព័ត៌មាន រ៉យទ័រ ប៉ុន្តែក្រុមមន្ត្រីរបស់ខេត្តនេះបាននិយាយថា លំនោឋានរាប់រយខ្នងត្រូវបានបំផ្លាញ។
ការិយាល័យអភិបាលខេត្ត Herat បាននិយាយថា តំបន់មួយចំនួនបានរង «ការខាតបង់ដ៏ធំធេង» ដោយមិនបានផ្តល់ព័ត៌មានលម្អិតនោះឡើយ។ ការបំផ្លិចបំផ្លាញដែលកំពុងកើនឡើងនេះ បាននាំឱ្យលោក Philippe Kropf ប្រធានផ្នែកទំនាក់ទំនងនៃកម្មវិធីស្បៀងអាហារពិភពលោក (WFP) ហៅការរញ្ជួយដីថាជា «គ្រោះមហន្តរាយជាន់លើគ្រោះមហន្តរាយ»។

បញ្ហាជំនួយមានកម្រិត ធ្វើឱ្យការងារសង្គ្រោះមានការលំបាក បន្ទាប់ពីគ្រោះរញ្ជួយដីដំបូង និងរញ្ជួយដីបន្តបន្ទាប់ ចាប់តាំងពីថ្ងៃសៅរ៍មក ដែលបានវាយប្រហារប្រទេសអភិរក្សនិយមខាងសាសនាមួយនេះ។
ខេត្ត Herat ជាខេត្តភាគពាយ័ព្យនៃប្រទេស ដែលទីភ្នាក់ងារស្បៀងអាហារ WFP បានចាប់ផ្តើមចែកចាយជំនួយដល់ប្រជាជនកំពុងរំជួលចិត្តពីការបំផ្លិចបំផ្លាញភ្លាមៗនៃទីក្រុងរបស់ពួកគេ និងសាច់ញាតិដែលរងរបួស ឬស្លាប់នៅក្នុងគ្រោះឬញ្ជួយដីដ៏មហន្តរាយមួយនេះ៕
