លោក Steve Scalise ដែលជាអ្នកតំណាងរាស្រ្តនៃរដ្ឋ Louisiana បានទទួលការគាំទ្រគ្រប់គ្រាន់យ៉ាងស្ដួចស្ដើងពីគណបក្សសាធារណរដ្ឋ កាលពីថ្ងៃពុធ (១១ តុលា) ដើម្បីក្លាយជាជម្រើសរបស់គណបក្សរបស់ខ្លួនក្នុងការដឹកនាំសភា ប៉ុន្តែការបែកបាក់យ៉ាងស៊ីជម្រៅនៅក្នុងបណ្ដាថ្នាក់ដឹកនាំបក្សសាធារណរដ្ឋ បានគំរាមកំហែងឱ្យមានភាពស្មុគស្មាញដល់ការបោះឆ្នោតរបស់លោកក្នុងនាមជាប្រធានសភា។

ប៉ុន្មាននាទីបន្ទាប់ពីសមាជិកបក្សសាធារណរដ្ឋមួយចំនួនតូច បានបោះឆ្នោតនៅក្នុងកិច្ចប្រជុំបិទទ្វារ ដើម្បីជ្រើសរើសលោក Scalise ជាបេក្ខជនប្រធានសភារបស់គណបក្សនេះ ជោគវាសនារបស់លោក Scalise ត្រូវបានស្ថិតទៅក្នុងភាពសង្ស័យមិនច្បាស់លាស់។
សមាជិកសភាមកពីគណបក្សសាធារណរដ្ឋជាច្រើនរូប បានប្រកាសថា ពួកគេនឹងមិនគាំទ្រលោក Scalise នៅសភាជាន់ទាបដោយគ្មានសម្បទាននោះទេ ដោយត្អូញត្អែរអំពីដំណើរការដ៏ប្រញាប់ប្រញាល់ក្នុងការជ្រើសរើសប្រធានសភាថ្មី និងបញ្ចេញការសង្ស័យថា លោក Scalise មិនអាចបង្រួបបង្រួមសន្និសិទសភាដ៏ប្រេះស្រាំរបស់ពួកគេបានឡើយ។

គណបក្សសាធារណរដ្ឋ បានពន្យារពេលការបោះឆ្នោតសភាពេញអង្គមួយ ដែលត្រូវបានគ្រោងទុកនៅពេលពាក់កណ្តាលរសៀល ខណៈពេលដែលគណបក្សនេះបានប្រមូលផ្តុំឡើងវិញ ហើយបានពន្យារពេលការបោះឆ្នោតកាលពីល្ងាចថ្ងៃពុធដោយពុំមានសេចក្ដីសម្រេច។
ពួកគេបានកំណត់ពេលកិច្ចប្រជុំមួយទៀតនៃសភានៅពេលថ្ងៃត្រង់ក្នុងថ្ងៃព្រហស្បតិ៍ (១២ តុលា) នេះ ប៉ុន្តែមិនមានសញ្ញាណាមួយបង្ហាញថា បក្សសាធារណរដ្ឋ គឺកាន់តែខិតទៅជិតកិច្ចព្រមព្រៀងមួយ ដែលនឹងអនុញ្ញាតឱ្យពួកគេជ្រើសរើសប្រធានសភាថ្មីនៅពេលនេះនោះទេ៕
