ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ នៅថ្ងៃទី១២ខែតុលានេះ បន្តចាកចេញពីរាជធានីភ្នំពេញទៅស្រុកកំណើតតាមផ្លូវជាតិលេខ១ ក្នុងថ្ងៃកាន់បិណ្ឌទី១៣។ការធ្វើដំណើរទៅស្រុកកំណើត ក្នុងបំណងទៅចួបជុំលោកតា លោកយាយ ឪពុកម្តាយ បង ប្អូន និងញាតិមិត្ត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដែលនឹងត្រូវបញ្ចប់ក្នុងរយៈពេលពីរថ្ងៃទៀត។

ក្នុងពេលធ្វើដំណើរប្រជាពលរដ្ឋបានប្រាប់BTVឱ្យដឹងថា ពេលទៅដល់ស្រុកកំណើត នឹងយកថវិកា ភេសជ្ជៈ និងសម្ភារផ្សេងៗទៀតទៀតជូនឪពុកម្តាយ បងប្អូនសាច់ញតិ និងរៀបចំចង្ហាន់ទៅវត្ត ប្រគេនព្រះសង្ឃគង់នៅវត្តអារាម ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។ លើសពីនេះ ប្រជាពលរដ្ឋបន្តថា សម្រាប់ការធ្វើចរាចរណ៍នៅតាមផ្លូវជាតិលេខ១ ស្រួលធ្វើដំណើរមិនមានការកកស្ទុះនោះទេ ពោលដោយសារមានប៉ូលីសគាត់ជួយសម្រួលចរាចរណ៍ និងម្យ៉ាងវិញទៀតប្រជាពលរដ្ឋមួយចំនួនគាត់បានធ្វើដំណើរទៅស្រុកកំណើតមុនរួចរាល់ហើយ។

នគរបាលចរាចរណ៍បានឱ្យដឹងដែរថា ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ ស្ថានភាពចរាចរណ៍នៅតាមដងផ្លូវជាតិលេខ១ ម្តុំខណ្ឌច្បារអំពៅ មានភាពមមាញឹកជាងពេលធម្មតា ប៉ុន្តែមិនមានការកកស្ទុះចរាចរណ៍នោះទេ។ លើសពីនេះ លោកបានលើកឡើងពីការរៀបចំសម្រួលចរាចរណ៍តាមផ្លូវជាតិលេខ១ផងដែរ។

ការធ្វើដំណើរតាមផ្លូវជាតិលេខ១ គឺភាគច្រើនប្រជាពលរដ្ឋមានស្រុកកំណើតនៅខេត្តកណ្តាល ព្រៃវែង និងស្វាយរៀង។ ជារៀងរាល់ឆ្នាំ នៅពេលដល់ថ្ងៃខែដែលត្រូវប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយ ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់ យកទៅប្រគេនព្រះសង្ឃដែលគង់នៅវត្តអារាម។ នៅឆ្នាំ២០២៣ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ផ្តើមពីថ្ងៃទី៣០ខែកញ្ញា រហូតដល់ថ្ងៃទី១៤ខែតុលា ដែលត្រូវនឹងថ្ងៃមួយរោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ពុទ្ធសករាជ ២៥៦៧៕ អត្ថបទ៖ ទូច សោភ័ណ



