តំបន់ហ្គាហ្សា ជាតំបន់ដែលមានមនុស្សជិត២,៣លាននាក់រស់នៅ មានទំហំ ៣៦៥គីឡូម៉ែត្រក្រឡា អាចនឹងប្រឈមទៅនឹងវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរបំផុត នៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនបន្ទាប់ពីអ៊ីស្រាអែល បានចេញបញ្ជាការហ៊ុមព័ទ្ធទាំងស្រុងនៅតំបន់ឆ្នេរនេះ។ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បានចេញបញ្ជាការឡោមព័ទ្ធទាំងស្រុងតំបន់ហ្គាហ្សា កាលពីថ្ងៃចន្ទ ក្នុងការឆ្លើយតបទៅនឹង ការវាយប្រហារដ៏ឃោឃៅមកលើប្រទេសអ៊ីស្រាអែលដោយក្រុមហាម៉ាស់ប៉ាឡេស្ទីនអ៊ីស្លាមនិយម ដែលគ្រប់គ្រងតំបន់ហ្គាហ្សា។
រដ្ឋមន្ត្រីថាមពលរបស់អ៊ីស្រាអែល លោក Israel Katz បានបង្គាប់ឲ្យក្រុមហ៊ុនផ្គត់ផ្គង់ទឹកជាតិរបស់អ៊ីស្រាអែល Mekorot កាត់ផ្តាច់ការផ្គត់ផ្គង់ទឹកភ្លាមៗទៅកាន់តំបន់ហ្គាហ្សា ដោយលើកឡើងថា ការផ្គត់ផ្គង់អគ្គិសនី និងប្រេងឥន្ធនៈរបស់អ៊ីស្រាអែលទៅកាន់តំបន់នេះ បានកាត់ផ្តាច់រួចហើយកាលពីថ្ងៃអាទិត្យ។
ចំណាត់ការទាំងនេះ ធ្វើឡើងបន្ទាប់ពី ការប្រយុទ្ធគ្នារវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធតំបន់ហ្គាហ្សា ក្រោយការវាយប្រហារដ៏ភ្ញាក់ផ្អើលទៅលើអ៊ីស្រាអែលកាលពីថ្ងៃសៅរ៍។ អ៊ីស្រាអែល បានគ្រប់គ្រងភាគច្រើន នៃការផ្គត់ផ្គង់អគ្គិសនី និងទឹក ទៅកាន់តំបន់ហ្គាហ្សា ព្រមទាំងការនាំចេញ និងនាំចូលប្រេងឥន្ធនៈ ទំនិញ និងថ្នាំពេទ្យ ព្រមទាំងការឆ្លងកាត់របស់ពលរដ្ឋ ចូលនិងចេញពីតំបន់នេះ។
តំបន់ហ្គាហ្សា បានស្ថិតនៅក្រោម ការរារាំងរបស់អ៊ីស្រាអែល ចាប់តាំងពីឆ្នាំ២០០៧ ភ្លាមៗបន្ទាប់ពីក្រុមហាម៉ាស់ ទទួលជ័យជម្នះក្នុងការបោះឆ្នោត និងកាន់អំណាចនៅតំបន់ហ្គាហ្សា។ ទោះជាយ៉ាងណា ការរារាំង ត្រូវបានបន្ធូរបន្ថយរយៈពេលជាច្រើនឆ្នាំមកនេះ ដោយអ៊ីស្រាអែល និង ប្រទេសអេហ្ស៊ីប គ្រប់គ្រងការផ្គត់ផ្គង់ទឹក អគ្គិសនី ប្រេងឥន្ធនៈ និងថ្នាំពេទ្យ រហូតដល់ជម្លោះរីកធំចុងក្រោយនេះ៕

