របបយោធារបស់នីហ្សេ បានទាមទារឲ្យមន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិនៅទីនោះ ចាកចេញពីប្រទេសក្នុងរយៈពេល ៧២ម៉ោង ជុំវិញការចោទប្រកាន់ថា ប្រទេសនីហ្សេ ត្រូវបានដកចេញពីកិច្ចជួបជុំប្រចាំឆ្នាំរបស់ក្រុមមេដឹកនាំពិភពលោកនៅទីក្រុងញូវយ៉ក កាលពីខែមុន។

មន្ត្រីយោធានីហ្សេ បានបណ្តេញប្រធានាធិបតី ម៉ូហាម៉េដ បាហ្ស៊ូម ( Mohamed Bazoum) ក្នុងខែកក្កដា ដោយព្យួររដ្ឋធម្មនុញ្ញ រំលាយអតីតស្ថាប័នទាំងអស់ និងប្រកាសលោក ឧត្តមសេនីយ៍ Abdourahamane Tiani ជាប្រមុខរដ្ឋថ្មីរបស់ប្រទេសអាហ្វ្រិកខាងលិចនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយចុះថ្ងៃទី១០ ខែតុលា ក្រសួងការបរទេសរបស់នីហ្សេ បានចោទប្រកាន់UN ថាបានប្រើ «ល្បិចបោកបញ្ឆោត» ដែលបង្កឡើងដោយប្រទេសបារាំង ដើម្បីរារាំងការចូលរួមពេញលេញរបស់ខ្លួន នៅក្នុងកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិកម្រិតខ្ពស់កាលពីខែមុន និងនៅក្នុងកិច្ចប្រជុំជាបន្តបន្ទាប់នៃទីភ្នាក់ងារអង្គការសហប្រជាជាតិ ដែលបានធ្វើឡើងនៅក្នុង ទីក្រុងវីយែន និងនៅទីក្រុងរីយ៉ាដ។
សេចក្តីថ្លែងការណ៍នោះ បាននិយាយថា ជាលទ្ធផល រដ្ឋាភិបាលបានបញ្ជាឲ្យអ្នកសម្របសម្រួលអ្នកស្រុកUN អ្នកស្រី ល្វីស អ៊ូប៊ីន ( Louise Aubin) ចាកចេញពីប្រទេសនេះ។
អ្នកនាំពាក្យលោក Stephane Dujarric បាននិយាយថា លោកអគ្គលេខាធិការUN អង់តូនីញ៉ូ ហ្គុយតឺរេស(Antonio Guterres) មានការសោកស្ដាយជាខ្លាំងចំពោះចំណាត់ការនេះ ដោយបានរំលឹកឡើងវិញនូវ«ការប្តេជ្ញាចិត្តឥតងាករេរបស់អង្គការសហប្រជាជាតិក្នុងការស្នាក់នៅ និងផ្តល់ជំនួយដល់ប្រជាជននីហ្សេ។
