ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃពុធ បានអនុម័តសេចក្តីសម្រេចបើកការស៊ើបអង្កេតលើស្ថានភាពមនុស្សធម៌ក្នុងប្រទេសស៊ូដង់ ដែលកងទ័ព និងក្រុមប្រដាប់អាវុធ បានប្រយុទ្ធគ្នាអស់រយៈពេល៦ខែចុងក្រោយនេះ។

លោកស្រី Michèle Taylor តំណាងអចិន្ត្រៃយ៍របស់សហរដ្ឋអាមេរិកប្រចាំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលជាប្រទេសមួយក្នុងចំណោមប្រទេស ដែលបានបង្ហាញសេចក្តីសម្រេចនេះ បាននិយាយថា សេចក្តីសម្រេចនេះ គឺជាការអំពាវនាវឲ្យមានសកម្មភាពសម្រាប់អ្វីដែលយើងទាំងអស់គ្នាយល់ស្រប គឺជាអាទិភាពសំខាន់សម្រាប់ភាគីសង្រ្គាម ដើម្បីបញ្ឈប់អំពើឃោរឃៅ និងការរំលោភបំពានផ្សេងទៀតរបស់ពួកគេ ការដាក់អាវុធរបស់ពួកគេ និងអនុញ្ញាតឲ្យមានសិទ្ធិចូលដំណើរការមនុស្សធម៌ដ៏មានសុវត្ថិភាព ឆាប់រហ័ស និងគ្មានការរារាំង ដែលជាតម្រូវការដ៏ចាំបាច់បំផុត។
ប្រទេសចំនួន១៩ បានបោះឆ្នោតគាំទ្រ ១៦បានបោះឆ្នោតប្រឆាំង និង ១២អនុប្បវាទ។

អំពើហិង្សា និងការផ្លាស់ទីលំនៅ បានកើនឡើង ចាប់តាំងពីការប្រយុទ្ធគ្នារវាងកងទ័ព និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) បានផ្ទុះឡើង នៅក្នុងខែមេសា។ ក្នុងចំណោមតំបន់ដែលរងផលប៉ះពាល់ខ្លាំងជាងគេគឺ ដាហ្វឺខាងលិច (West Darfur) ជាកន្លែងដែលការវាយប្រហារជំរុញដោយជាតិភាគតិច បានសម្លាប់មនុស្សរាប់រយនាក់។