មន្ទីរពេទ្យគន្ធបុប្ផារាជធានីភ្នំពេញ បន្តជួយសង្រ្គោះក្មេងប្រុសម្នាក់ដែលមានអាយុ១១ឆ្នំា ឲ្យមានជីវិត ឡើងវិញបន្ទាប់ពីក្មេងប្រុសម្នាក់នេះបានអស់ជីបចររយៈពេលយូរ និងបានហូរឈាមក្នុងខួរក្បាល ដោយសារតែកើតជំងឺគ្រុនឈាម មកពីមូសខ្លាខាំ។

តាមរយៈផេកហ្វេសបុក ដែលមានឈ្មោះថា Dr Beat Richner នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ ២០២៣នេះ បានបញ្ជាក់ថា រួមគ្នាកំចាត់និងបំបាត់ជម្រកមូសខ្លា- ការពារបុត្រធីតា កុំឲ្យមូសខ្លាខាំ ដោយជំងឺគ្រុនឈាម ដែលវិវត្តយ៉ាងលឿនទៅជាធ្ងន់ធ្ងរស្មុគស្មាញ និងបណ្តាលឲ្យហូរឈាមហើមសួត, ហូរឈាមក្នុងខួរក្បាល និងរលាកខួរក្បាល ជាករណីដ៏កម្របំផុត ខណៈក្មេងប្រុសម្នាក់មានអាយុ ១១ឆ្នាំ ត្រូវបានព្យាបាលជំងឺគ្រុនឈាម បញ្ចូលសេរ៉ូមអស់២លីត្រ មុនមកដល់មន្ទីរពេទ្យគន្ធបុប្ផា។
ផេកហ្វេសបុកខាងលើនេះ បានបន្ថែមទៀតថា គាត់(ក្មេងប្រុស)មានជំងឺគ្រុនឈាមកម្រិតធ្ងន់ធ្ងរស្មុគស្មាញបំផុត(EDS): អស់ជីពចរយូរថ្ងៃ(prolonged and impending shock syndrome) លើសពី៣០ម៉ោង និងហូរឈាមក្នុងក្រពះពោះវៀន និងហើមសួតចុងក្រោយសន្លប់បាត់ស្មារតីដោយសាររលាកខួរក្បាល និងហូរឈាមក្នុងខួរក្បាលទៀតផង។ តែទោះជាយ៉ាងណាក្មួយប្រុស ត្រូវបានសង្រ្គោះជីវិត ដោយប្រើឈាម-ប្លាស្មាអស់១៦ប្លោក និងចម្រោះប្លាកែតសរុបអស់"១២ប្លោក" និងប្រើជំនួយម៉ាស៊ីនសប់ដង្ហើម ថែទាំព្យាបាលអស់២១ថ្ងៃ ដោយថ្ងៃនេះក្មួយប្រុសមានជីវិតរស់ឡើងវិញ បានវិលត្រឡប់ទៅផ្ទះវិញ ដោយស្នាមញញឹម ដើម្បីទៅវត្តភ្ជុំបិណ្ឌជាមួយក្រុមគ្រួសារ។
ជាមួយគ្នានេះដែរ មន្ទីរពេទ្យគន្ធបុប្ផា ក៏សូមអរគុណនិងកោតសរសើរដល់ក្រុមគ្រូពេទ្យឯកទេសសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ដែលបានសង្គ្រោះជីវិតមួយនេះ។ អរគុណមជ្ឍមណ្ឌលជាតិផ្តល់ឈាម ដែលតែងតែផ្តល់ចម្រោះប្លាកែតទាន់ពេលវេលាដោយឥតគិតថ្លៃ ខណៈរាល់ការព្យាបាលទាំងអស់គឺឥតគិតថ្លៃសម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើង ហើយក៏សូមអរគុណមូលនិធិគន្ធបុប្ផាកម្ពុជា និងមូលនិធិគន្ធបុប្ផាស្វីស រួមទាំងអរគុណដល់សប្បុរសជនគ្រប់លំដាប់ថ្នាក់ដែលបាននិងតែងតែគាំទ្រដល់ដំណើរការមន្ទីរពេទ្យគន្ធបុប្ផាផងដែរ៕ អត្ថបទ៖ បាន ចក់