ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ និយាយថាអ្នកជំនាញមួយក្រុមមកពីប្រទេសជាច្រើន រួមមានទាំងប្រទេសចិន នឹងធ្វើទស្សនកិច្ចនៅប្រទេសជប៉ុននៅសប្តាហ៍ក្រោយ ដើម្បីប្រមូលសំណាកទឹកសមុទ្រ ដីល្បប់ និងត្រី ពីទីជិតខាងនៃរោងចក្រនុយក្លេអ៊ែរ Fukushima Daiichi ។

ប្រតិបត្តិកររោងចក្រ បានចាប់ផ្តើមជុំទី២ នៃការបញ្ចេញទឹកធ្វើប្រព្រឹត្តិកម្មនិងពង្រាវរួច កាលពីសប្តាហ៍មុន ពីរោងចក្រដែលត្រូវបានបំផ្លាញ។ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ(IAEA) បានប្រកាសកាលពីថ្ងៃអង្គារថា ក្រុមនេះ ដែលរួមមានទាំងអ្នកជំនាញមកពីប្រទេសកាណាដាចិន និងកូរ៉េខាងត្បូង នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៣ ខែតុលា ដើម្បីប្រមូលគំរូ។

សំណាកទាំងនេះនឹងត្រូវបានប្រៀបធៀបជាមួយគំរូសំណាកទាំងឡាយដែលបាននាំយកកាលពីឆ្នាំមុន ដើម្បីពិនិត្យមើលការផ្លាស់ប្តូរ ជាពិសេសក្នុងកម្រិតសារធាតុវិទ្យុសកម្ម។ កិច្ចប្រជុំប្រចាំឆ្នាំរបស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) កាលពីខែមុន គណៈប្រតិភូប្រទេសចិន បានចាត់ទុកទឹកដែលបានធ្វើប្រព្រឹត្តិកម្មនិងពង្រាមរួច ថាជា«ទឹកមានសារធាតុពុលនុយក្លេអ៊ែរ» និងបានថ្កោលទោសប្រទេសជប៉ុន សម្រាប់ការបញ្ចេញទឹកចូលទៅសមុទ្រ។
គណៈប្រតិភូ បានជំរុញឲ្យទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ បង្កើតយន្តការតាមតានជាអន្តរជាតិរយៈពេលអង្វែង និងប្រសិទ្ធភាព ដែលបញ្ជាក់ថា ប្រទេសជប៉ុនមិនបានផ្តល់ការពន្យល់ដែលគួរឲ្យជឿជាក់បែបវិទ្យាសាស្ត្រសម្រាប់សកម្មភាពរបស់ខ្លួន។
មុនពេលបញ្ចេញទឹកដែលបានធ្វើប្រព្រឹត្តិកម្មរួចចូលទៅក្នុងសមុទ្រ ប្រតិបត្តិកររោងចក្រ ក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូ បានពង្រាវទឹកនេះដើម្បីកាត់បន្ថយសារធាតុទ្រីចូម ដល់ប្រមាណ១ភាគ៧ នៃកម្រិតណែនាំដែលបានកំណត់ដោយ អង្គការសុខភាពពិភពលោក សម្រាប់គុណភាពទឹកទទួលទាន។