អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយកាលពីថ្ងៃពុធថា ការហៀរចេញនៃជម្លោះនៅក្នុងប្រទេសអ៊ីស្រាអែល ត្រូវតែបញ្ចៀសឲ្យបាន ហើយបញ្ហានេះ លោកមានការព្រួយបារម្ភអំពីការវាយប្រហារជាច្រើនដែលបានរាយការណ៍មកលើប្រទេសអ៊ីស្រាអែលពីប្រទេសលីបង់ភាគខាងត្បូង។

លោក បានប្រាប់អ្នកសារព័ត៌មានថា លោកបានអំពាវនាវដល់ភាគីទាំងអស់ និងអ្នកទាំងឡាយណា ដែលមានឥទ្ធិពលលើភាគីទាំងនេះ ឲ្យបញ្ចៀសការរីកធំ និងហៀរចេញនៃជម្លោះបន្ថែមទៀត។
លោក Guterres បាននិយាយថា លោកមានការព្រួយបារម្ភខ្លាំង ចំពោះការប្រកាសថាអ៊ីស្រាអែល នឹងដាក់ការឡោមព័ទ្ធទាំងស្រុងនៅតំបន់ហ្គាហ្សា បន្ទាប់ពីការវាយប្រហារដោយក្រុមសកម្មជនហាម៉ាស់ប៉ាឡេស្ទីន កាលពីចុងសប្តាហ៍កន្លងទៅ។
លោកបារម្ភយ៉ាងខ្លាំងចំពោះការប្រកាសឡោមព័ទ្ធនេះ ដែលគ្មានអ្វីត្រូវបានអនុញ្ញាតឲ្យចូលមកក្នុងតំបន់នេះឡើយ គ្មានអគ្គិសនី ស្បៀងអាហារ ឬប្រេងឥន្ធនៈ។

លោក Guterres និយាយថាស្ថានភាពនៅក្នុងតំបន់ហ្គាហ្សាមានសភាពធ្ងន់ធ្ងរខ្លាំង មុនពេលការវាយប្រហារដ៏ភ្ញាក់ផ្អើលដោយក្រុមសកម្មប្រយុទ្ធ ហើយវានឹងកាន់តែយ៉ាប់យឺតថែមទៀត។