អ្នកវិនិយោគទុនចិន ជិត៧០រូប មកពីក្រុមហ៊ុនចំនួន៥៤របស់ប្រទេសចិន ដឹកនាំដោយលោក ស៊ុន ហ័រចុង តំណាងការិយាល័យកិច្ចការបរទេស នៅក្រុងសិនចិន និង លោក វ័ង ស៊ឺ បានសហការជាមួយក្រុមហ៊ុនកាណាឌីយ៉ាគ្រុប តំណាងដោយឧកញ៉ា វ៉ាន់ ឆារស៏ នៅថ្ងៃទី១១ខែតុលានេះ បានដឹកនាំចូលជួបពិភាក្សាការងារជាមួយ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដើម្បីស្វែងរកឱកាសវិនិយោគទុន។

បើតាមលោក វ័ង ស៊ឺ ប្រធានក្រុមប្រឹក្សាភិបាលមូលនីធីសិនចិន និងជាអ្នកដឹកនាំប្រតិភូ បានថ្លែងថា បន្ទាប់ពីបានឃើញសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មីនៃកម្ពុជា បានបំពេញទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចិនកាលពីពេលថ្មីៗនេះ បានធ្វើឲ្យយើងទាំងអស់គ្នាជាអ្នកវិនិយោគទុន ចាប់អារម្មណ៍និ ងមកស្វែងរកឱកាសទីផ្សារ វិនិយោគ និងការបង្កើតរោងចក្រដោយផ្ទាល់នៅកម្ពុជា។

ក្នុងជំនួបនេះដែរ លោក ស៊ុន ហ័រចុង ក៏បានថ្លែងស្នើអញ្ជើញថ្នាក់ដឹកនាំក្រសួងទេសចរណ៍កម្ពុជា ទៅផ្សព្វផ្សាយទីផ្សារទេសចរណ៍កម្ពុជា នៅខេត្តសិនចិន ខណៈកន្លងមក ក្រុងសិនចិនរបស់ប្រទេសចិន ស្ថិតលំដាប់ថ្នាក់ទី៥ ដែលមានទេសចរចិនមកទស្សនាកម្ពុជាច្រើន។

ឯកឧត្តម រដ្ឋមន្ត្រី សុខ សូកេន បានសម្តែងការអបអរសាទរបណ្តាអ្នកវិនិយោគទុនចិនមកបំពេញទស្សនកិច្ចសិក្សាស្វែងរកឱកាសវិនិយោគទុននៅកម្ពុជា ហើយឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើសុំសហការជាមួយរដ្ឋបាលខេត្តសិនចិន ដើម្បីជំរុញបង្កើនការតភ្ជាប់ជើងហោះហើរត្រង់សិនចិន កម្ពុជា និងស្នើសុំចូលរួមសហការជំរុញពលរដ្ឋខេត្តសិនចិន មកទស្សនាកម្ពុជា ឲ្យមានកំណើនច្រើន និងប្តូរលំដាប់ថ្នាក់ពីលេខ៥ មកលំដាប់ថ្នាក់លេខ១។

ឧកញ៉ា វ៉ាន់ ឆារស៏ ឲ្យដឹងថា អ្នកវិនិយោគចិនចំនួន៥៤ក្រុមហ៊ុន រួមជាមួយក្រុមហ៊ុនវិទ្យុ និងទូរទស្សន៍ GUANG DONG (គ័ងតុង) មកបំពេញទស្សនកិច្ចសិក្សាទីផ្សារ និងស្វែងរកឱកាសវិនិយោគទុននៅកម្ពុជាលើវិស័យជាច្រើនដូចជា៖ វិស័យសំណង់ បច្ចេកវិទ្យាទូរគមនាគមន៍ថ្មីៗ ទេសចរណ៍ កសិកម្ម និងសហការជាមួយកាណាឌីយ៉ាគ្រុប វិនិយោគលើផ្នែកកសិកម្មដាំឈើធ្វើប្រអប់ក្រដាស និងកែវក្រដាសជាដើម ហើយតាមការគ្រោងប្រតិភូអ្នកវិនិយោគទុនចិន នឹងអញ្ជើញចូលជួប រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបណីយកម្ម និងសំណង់ ចូលជួបថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC ជួបអភិបាលខេត្តព្រះសីហនុ និងពិនិត្យរកទីតាំងសាងសង់រោចក្រផលិតសំភារៈសំណង់សម្រាប់ប្រើប្រាស់នៅកម្ពុជា និងនាំចេញទៅប្រទេសចិនវិញ៕ អត្ថបទ ស៊ុមសុខជា




