ព្យុះកួចដ៏មានឥទ្ធិពល Lidia បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ម្នាក់ស្លាប់ កាលពីថ្ងៃអង្គារ បន្ទាប់ពីបានវាយបោកបក់ចូលមកឆ្នេរសមុទ្រប៉ាស៊ីហ្វិករបស់ប្រទេសម៉ិកស៊ិក និងបានបណ្តាលឲ្យដើមឈើ និងបណ្តាញអគ្គិសនី បាក់រលំ។

នៅក្នុងទីក្រុង Puerto Vallarta តំបន់ឆ្នេរ ដើមឈើនិងកម្ទេចកម្ទី មកពីអគារដែលត្រូវបានបំផ្លាញ បានរាយប៉ាយនៅលើដងផ្លូវ។ រលកធំៗ អាចត្រូវបានគេមើលឃើញ នៅលើឆ្នេរសមុទ្រទីក្រុងនេះ។
មជ្ឈមណ្ឌលព្យុះកួចជាតិ បាននិយាយថា ព្យុះ Lidia ដែលបានចុះខ្សោយទៅជាព្យុះប្រភេទទី២ ដោយមានខ្យល់បក់អតិបរមា ១១០គីឡូម៉ែត្រក្នុងមួយម៉ោង ត្រូវបានគេរំពឹងថាបន្តបង្កើតឲ្យមានភ្លៀងធ្លាក់ខ្លាំង និងសន្ទុះខ្យល់បក់ ខណៈព្យុះនេះឆ្ពោះទៅដីគោក លើប្រទេសម៉ិកស៊ិកគាភកណ្តាលប៉ែកខាងលិច។

ព្យុះ Lidia បានវាយបោកបក់ដល់ដីគោក ជាព្យុះប្រភេទទី៤ បង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង បណ្តាលឲ្យទន្លេពេញហៀរ ផ្តួលរំលំដើមឈើ និងនាំទៅរកការជន់លិចខ្លាំង នៅរដ្ឋភាគខាងលិចជាច្រើន របស់ប្រទេសម៉ិកស៊ិក។
យោងតាមអភិបាលរដ្ឋ Nayarit បាននិយាយថា បុរសម្នាក់បានស្លាប់ នៅពេលដែលដើមឈើបានបាក់រលំលើរថយន្តរបស់គាត់ អំឡុងពេលព្យុះនៅជិតរមណីយដ្ឋានឆ្នេរ Punta Mita ។