ប្រទេសឈីលី ទំនងជានឹងប្រឈមមុខនឹងសីតុណ្ហភាពខ្ពស់ជាងមធ្យមភាគ ក្នុងរដូវក្តៅអឌ្ឍគោលខាងត្បូងនាពេលខាងមុខ ដោយសារបាតុភូតអាកាសធាតុ អ៊ែល នីញ៉ូ នេះបើយោងតាមការព្យាករណ៍ផ្លូវការ។

នាយកដ្ឋានឧតុនិយមរបស់ប្រទេសឈីលី បាននិយាយកាលពីថ្ងៃពុធ (១១ តុលា) ថា នៅតែមិនមានតួលេខពិតប្រាកដអំពីសីតុណ្ហភាពអតិបរមាដែលត្រូវបានរំពឹងទុកនោះទេ ប៉ុន្តែប្រទេសនេះក៏កំពុងរំពឹងថា នឹងមានសីតុណ្ហភាពអតិបរមាខ្ពស់ជាង និងទាបជាងធម្មតា នៅនិទាឃរដូវភាគខាងត្បូង ដែលមានរយៈពេលពីខែតុលា ដល់ខែធ្នូនេះផងដែរ។
ក្រុមអ្នកវិទ្យាសាស្ត្របានព្រមានថា បម្រែបម្រួលអាកាសធាតុ និងបាតុភូតអាកាសធាតុ អ៊ែល នីញ៉ូ គឺជាកត្តាជំរុញដ៏សំខាន់នៃកម្ដៅខ្លាំង ហើយបាននិយាយថា ពួកគេព្រួយបារម្ភជាពិសេសអំពីផលប៉ះពាល់នៅឆ្នាំនេះ។
សីតុណ្ហភាពខ្ពស់បំផុតនៅក្នុងប្រទេសឈីលី ត្រូវបានប្រមូលផ្តុំរវាងរដ្ឋធានី និងតំបន់កណ្តាលភាគខាងត្បូង ជាទីដែលចំហេះព្រៃបានឆាបឆេះពាសពេញប្រទេសកាលពីរដូវក្តៅមុន។
ប្រទេសឈីលី បានទទួលរងពីគ្រោះរាំងស្ងួតអស់រយៈពេលជាងមួយទសវត្សរ៍ ហើយខណៈពេលដែលបាតុភូតអាកាសធាតុ អ៊ែល នីញ៉ូ បាននាំមកនូវភ្លៀងធ្លាក់ខ្លាំងកាលពីខែមិថុនា និងខែសីហា ដែលបណ្តាលឱ្យមនុស្សរាប់ពាន់នាក់គ្មានផ្ទះសម្បែង ព្រមទាំងប៉ះពាល់ដល់ប្រតិបត្តិការរុករករ៉ែ និងកសិកម្ម ប៉ុន្តែភ្លៀងធ្លាក់ដ៏ខ្លាំងក្លានោះ មិនគ្រប់គ្រាន់សម្រាប់កាត់បន្ថយគ្រោះរាំងស្ងួតនៅក្នុងប្រទេសឈីលី នេះនោះទេ៕

