អង្គការ ណាសា (NASA) កាលពីថ្ងៃពុធ (១១ តុលា) បានផ្តល់ឱ្យសាធារណជននូវទិដ្ឋភាពដំបូងនៃអ្វីដែលក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញ នៅក្នុងយានបិទជិតមួយ ដែលត្រូវបានត្រឡប់មកផែនដីវិញកាលពីខែមុន ដោយផ្ទុកនូវគំរូដីសម្បូរដោយសារធាតុកាបូន ដែលបានស្រង់ចេញពីផ្ទៃនៃអាចម៍ផ្កាយ រួមទាំងម៉ូលេគុលទឹក ដែលជាប់នៅខាងក្នុងសារធាតុរ៉ែមានសភាពដូចដីឥដ្ឋនោះផងដែរ។

ផ្នែកតូចមួយនៃសម្ភារៈ ដែលប្រមូលបានដោយយានអវកាស OSIRIS-REx កាលពីបីឆ្នាំមុន ពីអាចម៍ផ្កាយឈ្មោះ បេននូ (Bennu) ដែលស្ថិតនៅជិតផែនដី ត្រូវបានដាក់បង្ហាញនៅក្នុងសាលប្រជុំនៅមជ្ឈមណ្ឌលអវកាសចនសុន របស់អង្គការ ណាសា ក្នុងទីក្រុង Houston រយៈពេលជាងពីរសប្តាហ៍បន្ទាប់ពីយាននោះចុះចតចូលទៅក្នុងតំបន់វាលខ្សាច់រដ្ឋ Utah សហរដ្ឋអាមេរិក។

រូបភាពនោះបានបង្ហាញពី ចង្កោមរលុងមួយដុំនៃថ្មពណ៌ធ្យូងតូចៗ ដុំគ្រួស និងធូលី ដែលត្រូវបានគេរកឃើញថា បានបន្សល់ទុកនៅខាងក្រោមនៃផ្នែកប្រមូលសំណាក និងគម្រប នៅពេលដែលដីរបស់អាចម៍ផ្កាយនោះ ត្រូវបានបឺតចូលទៅក្នុងធុងផ្ទុករបស់យានអវកាស។
យោងតាមក្រុមអ្នកវិទ្យាសាស្រ្តបានឲ្យដឹងថា អាចម៍ផ្កាយ បេននូ ដែលជាបណ្ដុំតូចមួយសម្បូរទៅដោយសារធាតុកាបូន ត្រូវបានរកឃើញក្នុងឆ្នាំ១៩៩៩ ហើយវាហាក់ដូចជាត្រូវបានបង្កើតឡើងដោយបណ្តុំនៃថ្មដែលរលុង ដូចជាគំនរកម្ទេចថ្មជាដើម៕

