វាយកូនបាល់៖ កីឡាករលំដាប់លេខ ២ សញ្ជាតិរុស្ស៊ី Daniil Medvedev ដែលមិនសូវកបជាមួយទីលានដីក្រហមនោះបានបន្តឈានឡើងជុំទី៣ នៃព្រឹត្តិការណ៍ Grand Slam, French Open ក្រោយយកឈ្នះកីឡាករអាមេរិក Tommy Paul។

កីឡាករវ័យ ២៥ឆ្នាំរុស្ស៊ីបានយកឈ្នះជុំដំបូងនៅ French Open ដែលជាជ័យជំនះលើកដំបូងផងដែរនៅ French Open នេះ ហើយក៏បានបន្តយកឈ្នះ Tommy Paul ៣-៦,៦-១, ៦-៤ និង ៦-៣។ Medvedev ធ្លាប់មានប្រវត្តិឡើងវគ្គផ្តាច់ព្រ័ត្រ Grand Slam ពីរលើកតែមិនមែនទីលានដីក្រហមឡើយដោយចាញ់ Rafael Nadal វគ្គផ្តាច់ព្រ័ត្រ U.S. Open និងចាញ់ Novak Djokovic នៅវគ្គផ្តាច់ព្រ័ត្រ Australian Open។ ងាកមកកីឡាករក្រិក Stefanos Tsitsipas ក៏បានឈានចូលជុំបន្តដែរ ក្រោយយកឈ្នះកីឡាករអេស្ប៉ាញ Pedro Martinez ៦-៣, ៦-៤ និង ៦-៣ ដែលមានន័យថា កីឡាករក្រិករូបនេះមិនចាញ់សូម្បីតែ ១សិតតាំងពីជុំទី១។

រីឯកីឡាករអាល្លឺម៉ង់ Alexander Zverev បានយកឈ្នះកីឡាកររុស្ស៊ីដែលមកពីវគ្គជំរុះ Roman Safiullin ៧-៦(៧-៤), ៦-៣, ៧-៦(៧-១)។ សូមបញ្ជាក់ថា កីឡាករទាំងបី Medvedev, Tsitsipas និង Zverev កំពុងស្វែងរកពាន Grand Slam លើកដំបូងក្នុងអាជីពដូចគ្នា៕
អត្ថបទ៖នាង សុភាវុធ