ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១២ ខែតុលា ឆ្នាំ ២០២៣នេះ បានណែនាំ មន្ទីរធនធានទឹក និងឧតុនិយម រាជធានី-ខេត្ត ទាំងអស់ អំពីស្ថានភាពអាកាសធាតុ និងរបាយទឹកភ្លៀង ណែនាំថែរក្សាទឹកសម្រាប់បម្រើឱ្យការបង្កបង្កើនផលស្រូវរដូវប្រាំង ខណៈចុងសប្ដាហ៍ទី៣ ខែតុលា របាយទឹកភ្លៀងនឹងចុះខ្សោយខ្លាំង។
យោងសេចក្ដីណែនាំរបស់ក្រសួងធនធានទឹក បានឱ្យដឹងថា ដោយពិនិត្យលើស្ថានភាពអាកាសធាតុឃើញថា បាតុភូត El Nino នៅតែ បន្តមានឥទ្ធិពលក្នុងកម្រិត១០០% នៅឡើយ ហើយអាចរហូតដល់ ខែមេសា ឆ្នាំ២០២៤ ទើបបាតុភូតនេះមានទំនោរថយចុះទៅវិញ។ ពិនិត្យលើស្ថានភាពភ្លៀង ក៏បានបង្ហាញថា របាយទឹកភ្លៀងនឹងចុះ ខ្សោយខ្លាំង ចាប់ពីចុងសប្ដាហ៍ទី៣ នៃខែតុលា ឆ្នាំ២០២៣។
យោងលើស្ថានភាពអាកាសធាតុ និងស្ថានភាពរបាយទឹកភ្លៀងខាងលើ ខ្ញុំស្នើដល់លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយម រាជធានី-ខេត្ត ទាំងអស់ យកចិត្តទុកដាក់ថែរក្សាទឹកឱ្យបានល្អ និងត្រូវពិនិត្យវាយតម្លៃ លើសក្តានុពលទឹកដែលមាន ហើយត្រូវរៀបចំផែនការប្រើប្រាស់ទឹក ជា ពីរផ្នែកសំខាន់ៗ៖
១. មួយផ្នែក ត្រូវរក្សាទុកសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ (អាទិភាព) ២. មួយផ្នែកទៀត សម្រាប់បម្រើឱ្យការបង្កបង្កើនផលស្រូវរដូវប្រាំង (តើអាចឆ្លើយតបទៅនឹងផែនការដាំដុះស្រូវប្រាំងបានទាំងស្រុង ឬត្រូវកាត់បន្ថយ?)
ក្រសួងណែនាំដល់ មន្ទីរធនធានទឹក និងឧតុនិយម រាជធានី-ខេត្ត ទាំងអស់ បំពេញកិច្ចការនេះដោយការទទួលខុសត្រូវ និងត្រូវផ្ញើផែនការប្រើប្រាស់ទឹកខាងលើមកក្រសួង និងផ្ញើជូនគណៈអភិបាលរាជធានី-ខេត្ត៕ ដោយ ៖ វន ដារា
