ប្រធានគណៈកម្មការអឺរ៉ុប លោក ស្រី Ursula von der Leyen បានចាត់ទុកការវាយប្រហាររបស់ក្រុមហាម៉ាសប្រឆាំងនឹងអ៊ីស្រាអែលថា ជា «អំពើភេរវកម្ម» ដែលឆ្លុះបញ្ចាំងពី«អំពើព្រៃផ្សៃបុរាណកាល»។

លោកស្រី von der Leyen បាននិយាយក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍របស់ក្រុមគ្រប់គ្រងកាលពីថ្ងៃពុធថា៖«ជនស្លូតត្រង់ទាំងនេះ ត្រូវបានសម្លាប់ដោយហេតុផលតែមួយ គឺដោយសារជាជនជាតិជ្វីហ្វ និងរស់នៅក្នុងរដ្ឋអ៊ីស្រាអែល។ វាជាអំពើអាក្រក់ពីបុរាណ ដែលរំលឹកយើងពីអតីតកាលដ៏ខ្មៅងងឹតបំផុត ហើយធ្វើឲ្យយើងទាំងអស់គ្នា តក់ស្លុតបំផុតរកអ្វីមកប្រៀបពុំបានឡើយ»។
លោកស្រី បានបន្តថា៖«យើងត្រូវតែច្បាស់លាស់ក្នុងការកំណត់ប្រភេទភាពភ័យរន្ធត់នេះ វាជាអំពើភេរវកម្ម ហើយវាជាទង្វើនៃសង្រ្គាមមួយ»។

លោកស្រី Von der Leyen បានបញ្ជាក់យ៉ាងច្បាស់ពីជំហររបស់គណៈកម្មការអឺរ៉ុបចំពោះជម្លោះដែលកំពុងបន្ត ដោយនិយាយថា អឺរ៉ុបឈរជាមួយអ៊ីស្រាអែល និង «គាំទ្រយ៉ាងពេញទំហឹងចំពោះសិទ្ធិការពារខ្លួនរបស់អ៊ីស្រាអែល»។