ឥណ្ឌា៖ ក្រសួងសុខាភិបាលសហព័ន្ធបាននិយាយថា ចំនួនករណីឆ្លងជំងឺ COVID-19 សរុបនៅប្រទេសឥណ្ឌាបានកើនឡើងដល់ ២៨,៤៤១,៩៨៦នាក់នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីមានករណីឆ្លងថ្មីចំនួន ១៣៤,១៥៤នាក់ត្រូវបានកត់ត្រាក្នុងរយៈពេល ២៤ម៉ោង។

ក្រៅពីនេះមនុស្សចំនួន ២,៨៨៧នាក់ត្រូវបានគេរាយការណ៍ថាបានស្លាប់កាលពីព្រឹកថ្ងៃពុធ ដែលនាំឲ្យអ្នកស្លាប់សរុបហក់ឡើងដល់ ៣៣៧,៩៨៩នាក់។ នៅតែមានករណីឆ្លងសកម្មចំនួន ១,៧១៣,៤១៣នាក់នៅក្នុងប្រទេសនេះ ក្នុងនោះបានធ្លាក់ចុះចំនួន ៨០,២៣២នាក់ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅ។ ចំនួនករណីឆ្លងសកម្មប្រចាំថ្ងៃ បានធ្លាក់ចុះរយៈពេលប៉ុន្មានថ្ងៃមកនេះ បន្ទាប់ពីករណីឆ្លងបន្តហក់ឡើង ចាប់តាំងពីពាក់កណ្ដាលខែមេសាកន្លងមក។ យោងតាមទិន្នន័យចុងក្រោយ ចេញដោយក្រសួងសុខាភិបាលសហព័ន្ធឲ្យដឹងថា មនុស្សសរុបចំនួន ២៦,៣៩០,៥៨៤នាក់ត្រូវបានទទួលការព្យាបាល និងអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យទូទាំងប្រទេស។
ឥណ្ឌាបានចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេសកាលពីខែមករា ហើយរហូតមកដល់ពេលនេះប្រទេសឥណ្ឌាបានចាក់វ៉ាក់សាំង ឲ្យប្រជាពលរដ្ឋជាង ២២១លានដូសនៅទូទាំងប្រទេស ហើយវ៉ាក់សាំងចំនួន ២,៤២៦,២៦៥ដូសត្រូវបានចាក់ជូនពលរដ្ឋរបស់ខ្លួនតែថ្ងៃពុធមួយថ្ងៃប៉ុណ្ណោះ៕
អត្ថបទ៖ សុខមាន