មនុស្សជាង ២.៣០០នាក់ ត្រូវបានសម្លាប់នៅក្នុងជុំចុងក្រោយនៃជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែល គិតត្រឹមថ្ងៃពុធ (១១ តុលា) ខណៈការប៉ះទង្គិចគ្នាដែលកំពុងបន្ត រវាងភាគីទាំងពីរ កំពុងកើនឡើងកាន់តែខ្លាំងក្លា។

យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល កាលពីថ្ងៃពុធ មនុស្សជាង១.២០០នាក់ ត្រូវបានសម្លាប់ និងមនុស្សជាង ២.៧០០នាក់ ផ្សេងទៀតបានរងរបួសនៅខាងអ៊ីស្រាអែល ចាប់តាំងពីជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែលជុំថ្មីនេះ បានផ្ទុះឡើងកាលពីថ្ងៃសៅរ៍មក។

ទន្ទឹមនឹងនេះដែរ ប្រជាជនប៉ាឡេស្ទីនសរុបចំនួន ១.១២៨នាក់ នៅតំបន់ហ្គាហ្សា ស្រ្ទីប និងតំបន់វែស ប៊ែង ត្រូវបានសម្លាប់ និងមនុស្សជាង ៥.៤៨៩នាក់ ផ្សេងទៀតបានរងរបួស។ នៅតំបន់ហ្គាហ្សា ស្ទ្រីប មនុស្ស ១.១០០នាក់បានស្លាប់ និងមនុស្សប្រហែល ៥.៣៣៩នាក់ ផ្សេងទៀតបានរងរបួស នេះបើយោងតាមតួលេខចុងក្រោយ ដែលចេញផ្សាយដោយក្រសួងសុខាភិបាលប៉ាឡេស្ទីន។

ក្រុមហាម៉ាស ដែលគ្រប់គ្រងតំបន់ហ្គាហ្សា ស្ទ្រីប បានបើកការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ទៅលើអ៊ីស្រាអែលកាលពីថ្ងៃសៅរ៍។ ជាការឆ្លើយតប យោធាអ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសសំដៅលើទីតាំង និងទីស្នាក់ការរបស់ក្រុមហាម៉ាស់ ជាច្រើនកន្លែងនៅក្នុងតំបន់ឆ្នេរហ៊ុមព័ទ្ធមួយនេះ។ ជម្លោះជុំថ្មីនេះ បាននាំឱ្យមានអ្នកស្លាប់ និងរបួសយ៉ាងច្រើនសន្ធឹកសន្ធាប់សម្រាប់ភាគីជម្លោះទាំងសងខាង៕