ការចោទប្រកាន់របស់កាណាដា ដែលថារដ្ឋាភិបាលរបស់ប្រទេសឥណ្ឌា បានជាប់ពាក់ព័ន្ធនឹងការសម្លាប់មេដឹកនាំផ្តាច់ខ្លួនសាសនាស៊ីក នៅក្នុងប្រទេសកាណាដា ស្ទើរតែមិនប៉ះពាល់ដល់ទំនាក់ទំនងការទូតរបស់ប្រទេសអាស៊ីខាងត្បូងមួយនេះ នៅឥណ្ឌូប៉ាស៊ីហ្វិកទាល់តែសោះ នេះបើយោងតាមស្នងការជាន់ខ្ពស់ឥណ្ឌារបស់ប្រទេសអូស្ត្រាលី លោក Manpreet Vohra។

លោក Vohra បាននិយាយនៅក្រៅព្រឹត្តិការណ៍សង្គមអាស៊ី នៅទីក្រុងស៊ីដនី នៅថ្ងៃព្រហស្បតិ៍ (១២ តុលា) នេះថា ខណៈដែលអូស្ត្រាលីបានអំពាវនាវដំបូងគេឱ្យមានការស៊ើបអង្កេត បន្ទាប់ពីនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានធ្វើការចោទប្រកាន់លើប្រទេសឥណ្ឌានោះ មិនមានប្រតិកម្មអ្វីគួរឱ្យកត់សម្គាល់ពីតំបន់អាស៊ីអាគ្នេយ៍ និងតំបន់ផ្សេងទៀតលើសពីនេះនោះទេ។

ទំនាក់ទំនងរវាងទីក្រុងញ៉ូវ ដេល្លី និងទីក្រុងអូតាវ៉ា បានធ្លាក់ចូលទៅក្នុងភាពតានតឹងយ៉ាងស៊ីជម្រៅកាលពីខែមុន បន្ទាប់ពីលោក Trudeau បាននិយាយថា រដ្ឋាភិបាលរបស់ប្រទេសឥណ្ឌា បានជាប់ពាក់ព័ន្ធក្នុងការធ្វើឃាតពលរដ្ឋកាណាដា និងជាមេដឹកនាំសាសនាស៊ីក ម្នាក់ឈ្មោះ Hardeep Singh Nijjar ដែលនាំមុខគេក្នុងចលនាអំពាវនាវឱ្យមានស្រុកកំណើតឯករាជ្យមួយ សម្រាប់ពលរដ្ឋកាន់សាសនាស៊ីក នៅក្នុងប្រទេសឥណ្ឌា ដែលហៅថាតំបន់ខាលីស្ថាន ប៉ុន្តែឥណ្ឌា បានចាត់ទុកលោកជាភេរវករ ចាប់តាំងពីពេលនោះមកផងដែរ៕