ភ្នំពេញ ៖ រដ្ឋាភិបាលកូរ៉េ បានផ្តល់ជំនួយរថយន្តសង្គ្រោះបន្ទាន់ចំនួន ១៥គ្រឿង ជូនប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ពិធីប្រគល់-ទទួលនេះធ្វើឡើងនាទីសី្តការក្រសួង ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣នេះ។
ឯកឧត្តម PARK Jung-Wook ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា បានថ្លែងថា រថយន្តសង្គ្រោះបន្ទាន់ទាំងនេះ នឹងរួមចំណែកដល់ការផ្តល់សេវាសុខាភិបាលកាន់តែមានប្រសិទ្ធភាព និងការឆ្លើយតបទាន់ពេលចំពោះករណីសង្គ្រោះបន្ទាន់នានាទូទាំងប្រទេស។ វិស័យសុខាភិបាល គឺជាវិស័យអាទិភាពនៃកិច្ចសហប្រតិបត្តិការជំនួយអភិវឌ្ឍន៍ផ្លូវការទ្វេភាគីរបស់យើង។ សាធារណរដ្ឋកូរ៉េ បាននឹងកំពុងជួយដល់មន្ទីរពេទ្យជាច្រើននៅទូទាំងប្រទេសកម្ពុជា ដូចជា៖ អគារពេទ្យភ្នែក អគារត្រចៀក ច្រមុះ និងបំពង់ក នៅមន្ទីរពេទ្យព្រះអង្គឌួង អគារថែទាំ សុខភាពមាតា និងទារក ក្នុងខេត្តរតនគិរី និងមណ្ឌលគិរី ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធវេជ្ជសាស្រ្ត និងសមត្ថភាពបុគ្គលិកសុខាភិបាល។ ទាំងនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើងក្នុងការធានា ឱកាសទទួលបានសេវាថែទាំសុខភាពប្រកបដោយគុណភាពសម្រាប់ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា។
ជាមួយគ្នានោះដែរ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រី្តក្រសួងសុខាភិបាល បានថ្លែងថា រថយន្តគិលានសង្គ្រោះចំនួន ១៥គ្រឿង ក្រោមជំនួយឥតសំណងពីប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ជូនប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ដើមី្បចូលរួមចំណែកក្នុងការពង្រឹងប្រព័ន្ធសុខាភិបាលកម្ពុជា។ ក៏សូមឯកភាពទាំងស្រុងនូវប្រសាសន៍របស់ ឯកឧត្តមឯកអគ្គរដ្ឋទូត ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតរបស់យើងឡើងវិញក្នុងរយៈពេល២៦ឆ្នាំនេះ ទំនាក់ទំនងទ្វេភាគីរវាងប្រទេសយើងទាំងពីរបាន និងកំពុងរីកចម្រើនគួរឱ្យកត់សម្គាល់ សាធារណរដ្ឋកូរ៉េ គឺជាដៃគូសហប្រតិបត្តិការយ៉ាងសំខាន់មួយក្នុងចំណោមដៃគូសំខាន់ៗ ដែលបាននិងកំពុងជួយគាំទ្រវិស័យសុខាភិបាលកម្ពុជា ជាពិសេសតាមរយៈ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) ក្នុងរយៈពេល២០ឆ្នាំ វត្តមាន KOICA កម្ពុជា បានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍វិស័យសុខាភិបាលកម្ពុជា។ គោលដៅចុងក្រោយរបស់ក្រសួងសុខាភិបាល គឺធ្វើឱ្យប្រសើរឡើងនូវសុខភាពប្រជាជនកម្ពុជា និងកាត់បន្ថយអត្រាឈឺ និងអត្រាមរណភាពដោយសារជំងឺ ដែលបណ្តាលមកពីគ្រោះអាសន្នហើយ គិតថានេះក៏ជាគោលដៅ របស់ក្រសួងសុខាភិបាលនៃសាធារណរដ្ឋកូរ៉េ ដែរ។ យើងមិនអាចបំភ្លេចបាននូវគុណបំណាច់ និងការរួមចំណែកដ៏ធំធេងរបស់សាធារណរដ្ឋកូរ៉េ ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយការរាតត្បាតនៃជំងឺកូវីដ-១៩ នាំឱ្យទទួលបានសមិទ្ធិផលដ៏ធំធេង ។
ក្នុងនាមក្រសួងសុខាភិបាល ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះ KOICA និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដែលតែងតែចូលរួមគាំទ្រប្រព័ន្ធសុខាភិបាលកម្ពុជា តាមរយៈជំនួយឥតសំណងសម្រាប់ការអភិវឌ្ឍន៍ និងធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យសុខាភិបាល៕ អត្ថបទ រដ្ឋា




















