
មន្ត្រីប្រចាំតំបន់ម្នាក់ បានប្រាប់សារព័ត៌មាន Reuters ថា យ៉ាងហោចណាស់មនុស្ស ៤នាក់ បានស្លាប់ និងប្រហែល ៨០នាក់ទៀត បានរងរបួស ខណៈដែលរថភ្លើងល្បឿនលឿនមួយ បានធ្លាក់ចេញពីផ្លូវ នៅរដ្ឋ Bihar របស់ប្រទេសឥណ្ឌា កាលពីថ្ងៃពុធ (ទី១១ ខែតុលា)។
លោក Tarun Prakash អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនអយស្ម័យយាន East Central Railway បានឲ្យដឹងថា ទូរថភ្លើងចំនួន ២១ទូរបស់រថភ្លើងល្បឿនលឿន North-East Express ដែលធ្វើដំណើរពីទីក្រុង Delhi ទៅរដ្ឋ Assam បានធ្លាក់ចេញពីផ្លូវ កាលពីថ្ងៃពុធ នៅម៉ោងប្រហែល ៩:៣៥យប់ម៉ោងក្រុងស្រុក (ត្រូវនឹងម៉ោង ១៦:០៥នាទី ម៉ោងសកល) នៅស្ថានីយ៍រថភ្លើង Raghunathpur ក្នុងតំបន់ Buxar របស់រដ្ឋ Bihar។
មន្ត្រីនគរបាលម្នាក់បាននិយាយថា ទូរថភ្លើង ៣ទូ បានក្រឡាប់។ មូលហេតុពិតប្រាកដនៃការធ្លាក់ផ្លូវនេះមិនទាន់ដឹងភ្លាមៗនៅឡើយទេ។ របាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយ បានឲ្យដឹងថា រថភ្លើងដឹកអ្នកដំណើរ និងទំនិញជាច្រើនផ្សេងទៀត ត្រូវបានរំខានដល់ការធ្វើដំណើរដោយសារតែហេតុការណ៍គ្រោះថ្នាក់នេះ។
រដ្ឋមន្ត្រីផ្លូវដែកឥណ្ឌា លោក Ashwini Vaishnaw បានឲ្យដឹងនៅលើបណ្តាញសង្គម X ថា ការជម្លៀស និងការជួយសង្គ្រោះរបស់រថភ្លើងនេះ បានបញ្ចប់ហើយ៕