តាកែវ ៖ ក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ ដែលមានឯកឧត្តម គី តិច ជាប្រធានបានដឹកនាំក្រុមការងារជាច្រើន នាំយក អំណោយមួយចំនួន ផ្តល់ជូនដល់ពលរដ្ឋរងគ្រោះទឹកជំនន់ចំនួន ៦០គ្រួសារ ដែលបានជម្លៀសមកទីទួលសុវត្ថិភាពនៅវត្ត ឃ្លាំងមឿង ស្ថិតនៅជាប់ផ្លូវលេខ ២ ក្នុងឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ នៅល្ងាចថ្ងៃទី២០ ខែតុលា ម្សិលមិញនេះ ។
អំណោយដែលផ្ដល់ជូននេះ រួមមានអង្ករ មុង កន្ទេល មី ទឹកត្រី ទឹកសុទ្ធ ត្រីខ ចង្ក្រានហ្គាស និងជែលសម្រាប់លាងដៃផងដែរ។
ក្នុងឱកាសជូនអំណោយដល់ពលរដ្ឋរងគ្រោះ ឯកឧត្តម គី តិច បានលើកឡើងថា ការចុះមកជួយឧបត្ថម្ភនាពេលនេះ គឺធ្វើឡើងភ្លាមៗក្រោយទទួលដំណឹងថា ប្រជាពលរដ្ឋមួយចំនួនកំពុងរងគ្រោះពីទឹកជំនន់ទឹកភ្លៀង។ ឯកឧត្តម លើកឡើងដែរថា ទាំងនេះ គឺជាសកម្មភាពរួមចំណែកជួយដល់ប្រជាពលរដ្ឋក្នុងគ្រាមានអាសន្ន ដោយស្របនឹងគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា។
សម្រាប់ការជម្លៀសមកទីសុវត្ថិភាពនៅវត្ត ឃ្លាំងមឿងនេះ គឺធ្វើឡើងនៅយប់ថ្ងៃទី ១៩ ខែតុលាដោយសារភ្លៀងធ្លាក់ធ្វើឱ្យជន់លិចខ្លាំង នេះបើតាមការបញ្ជាក់របស់ប្រជាពលរដ្ឋដែលកំពុងស្នាក់នៅបណ្ដោះអាសន្ននៅទីតាំងនេះ។ ពួកគាត់ ក៏បានអរគុណដល់អាជ្ញាធរ ក៏ដូចជាសប្បុរសជនជាម្ចាស់ជំនួយដែលបានរួមចំណែកជួយសង្គ្រោះ និងជួយផ្គត់ផ្គង់ការរស់នៅក្នុងកំឡុងពេលជួបវិបាកនេះផងដែរ។
ជុំវិញការជន់លិចនេះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត តាកែវ លើកឡើងដែរថា ជំនន់នេះជាជំនន់ទឹកភ្លៀង មិនបង្កជាផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ។ យ៉ាងណាម៉ិញ ឯកឧត្តម ក្នុងនាមជាថ្នាក់ដឹកនាំខេត្ត ក៏បញ្ជាក់ឱ្យអាជ្ញាធរមូលដ្ឋាន ក៏ដូចជាកងកម្លាំងបន្តតាមដានមើលស្ថានភាពជាក់ស្ដែងពីស្ថានភាពទឹកជំនន់នេះ ត្រៀមកម្លាំងដើម្បីជម្លៀសដើម្បីធានាថា គ្មានពលរដ្ឋណាម្នាក់រងគ្រោះ។ ឯកឧត្តម បញ្ជាក់ដែរថា ខណៈនេះ អាជ្ញាធរកំពុងដើរបើកច្រកទឹកគ្រប់ទីកន្លែង ដើម្បីធ្វើឱ្យទីតាំងដែលមានការជន់លិច មានការស្រកចុះផងដែរ៕
អត្ថបទ ៖ គឹមហុក







