បាល់ទាត់៖ ក្រុមបាល់ទាត់ដែលទើបគ្រងជើងឯកលីគកំពូលអារ៉ាប៊ីសាអ៊ូឌីតថ្មីៗ Al Hilal បានប្រកាសថា អតីតគ្រូបង្វឹក Monaco លោក Leonardo Jardim នឹងក្លាយជាគ្រូបង្វឹកនៅរដូវកាលថ្មីខាងមុខ។ បុរសវ័យ ៤៦ឆ្នាំរូបនេះនឹងមកជំនួសតំណែងលោក Jose Morais ដែលកំពុងដឹកនាំបណ្ដោះអាសន្ន។
លោក Leonardo Jardim បានចាប់ផ្ដើមអាជីពជាគ្រូបង្វឹក ត្រឹមជាជំនួយការក្លិបនៅព័រទុយហ្កាល់ជាច្រើន ហើយកេរ្តិ៍ឈ្មោះរបស់លោកចាប់ផ្ដើមកើតមានឡើង ក្រោយក្លាយជាគ្រូបង្គោលក្លិប Beira-Mara ដោយដឹកនាំក្រុមឡើងមកក្របខណ្ឌកំពូលព័រទុយហ្កាល់ មុនពេលលោកទៅដឹកនាំ Sporting Braga។ នៅឆ្នាំ២០១២ លោក Jardim បានទៅដឹកនាំនៅទឹកដីក្រិកជួយ Olympiakos គ្រងជើងឯកលីគកំពូលក្រិក និងខាប់។ ក្រោយមកនៅឆ្នាំ២០១៤ ក៏បានផ្លាស់មកដឹកនាំ AS Monaco ដោយដឹកនាំក្រុមឈ្នះជើងឯកលីគកំពូលបារាំង ជាលើកដំបូងក្នុងរយៈពេល ១៧ឆ្នាំ និងឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Champions League ផងដែរ៕
អត្ថបទ៖នាង សុភាវុធ