
ក្នុងការចលនាដ៏គួរឲ្យភ្ញាក់ផ្អើលមួយ សហជីពកម្មករផ្នែកយានយន្ត (UAW) បានពង្រីកកូដកម្មរបស់ពួកគេ ក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តធំទាំង៣ ដោយបិទរោងចក្រដ៏ធំបំផុតរបស់ក្រុមហ៊ុន Ford កាលពីថ្ងៃពុធ (ទី១១ ខែតុលា)។
ការធ្វើបែបនោះអាចកាត់បន្ថយប្រាក់ចំណេញពេញមួយឆ្នាំរបស់ក្រុមហ៊ុន។ សហជីពបាននិយាយថា មនុស្សជាង ៨.៥០០នាក់ នៅរោងចក្ររថយន្តដឹកទំនិញរបស់ក្រុមហ៊ុន Ford ក្នុងរដ្ឋ Kentucky សហរដ្ឋអាមេរិក បានបន្តធ្វើកូដកម្ម បន្ទាប់ពីក្រុមហ៊ុនបានបដិសេធមិនធ្វើការផ្លាស់ប្តូរបន្ថែមទៀតនោះទេ នៅក្នុងការចរចាកិច្ចសន្យា។
គួរបញ្ជាក់ដែរថា រោងចក្រនេះរកប្រាក់ចំណូលប្រចាំឆ្នាំបានចំនួន ២៥ពាន់លានដុល្លារ ដែលស្មើនឹង ១ភាគ៦នៃប្រាក់ចំណូលពីការលក់រថយន្តនៅទូទាំងពិភពលោករបស់ក្រុមហ៊ុន Ford។
មន្ត្រីក្រុមហ៊ុន Ford បាននិយាយថា ក្រុមហ៊ុន និងសហជីព UAW បាន និងកំពុងបំពេញកិច្ចការរបស់ខ្លួន ដើម្បីរកផ្លូវដោះស្រាយភាពខុសគ្នាស្ដីពីសន្តិសុខចូលនិវត្តន៍ និងតំណាងសហជីព នៅឯរោងចក្ររថយន្តអគ្គិសនីនាពេលអនាគតរបស់ក្រុមហ៊ុន។
ទន្ទឹមនឹងនោះ ប្រភពមួយពីសហជីព បាននិយាយថា សហជីព UAW បាន និងកំពុងរំពឹងថា នឹងមានសំណើល្អប្រសើរពីក្រុមហ៊ុន Ford សម្រាប់រយៈពេល ២សប្តាហ៍ចុងក្រោយនេះ៕